ឯកឧត្តម ឃួង ស្រេង និងឯកឧត្តម ម៉ប់ សារិន ផ្ញើសារលិខិតអបអរសាទរជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសខួបទី ១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥
ភ្នំពេញ៖ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា ព្រមទាំងមន្ដ្រីរាជការទាំងអស់ បានផ្ញើសារលិខិតអបអរសាទរជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឬទ្ធិនារីកម្ពុជា និងជាអនុប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥។
នាទិវានេះយើងខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកជំទាវបណ្ឌិត ដែលជាថ្នាក់ដឹកនាំស្ត្រីដ៏ឆ្នើមមួយរូបប្រកបដោយគតិបណ្ឌិតប្រតិបត្តិ ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជាមួយនឹងឆន្ទៈមោះមុត និងមានភាពច្នៃប្រឌិតខ្ពស់ក្នុងការដឹកនាំក្នុងនាមជាអគ្គស្នងការ និងអនុប្រធាននៃសមាគមទាំងពីរ ដើម្បីបម្រើដល់សុខុមាលភាពប្រជាពលរដ្ឋ និងភាពរីកចម្រើននៃសង្គមជាតិ ព្រមទាំងជាមគ្គុទ្ទេសក៍ លើកកម្ពស់សមត្ថភាព និងសេចក្តីថ្លៃថ្នូរនារីកម្ពុជា។
ម្យ៉ាងទៀតក្នុងនាមជាឧត្តមភរិយានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិត តែងតែខិតខំប្រឹងប្រែងគាំទ្រ និងរួមគិត រួមអនុវត្ត ដើម្បីការអភិវឌ្ឍ និងសេដ្ឋកិច្ចកម្ពុជាកាន់តែ រីកចម្រើនខ្លាំងក្លាថែមទៀត។
នៅក្នុងឱកាសនេះយើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នឹងវត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក សូមជួយតាមបីបាច់ថែរក្សាប្រោះព្រំសព្ទសាធុ ការពរជ័យគ្រប់ប្រការជូនលោកជំទាវបណ្ឌិត និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសារ សូមសមប្រកបដោយព្រះពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕