សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងជាថ្មីពីការប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ អព្យាក្រឹតជាអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ
ភ្នំពេញ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងជាថ្មីពីការប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ អព្យាក្រឹតជាអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ ដោយផ្អែកលើគោលការណ៍នៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងផលប្រយោជន៍ស្នូលរបស់ជាតិ។
ការអះអាងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។
បើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សម្តេចធីបតី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះលទ្ធផលការងាររបស់ក្រសួងការបរទេស ពេញមួយឆ្នាំ២០២៤ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តឱ្យកាន់តែប្រសើរឡើងថែមទៀត តាមរយៈការកែសម្រួលកិច្ចខិតខំប្រឹងប្រែងវិស័យការទូតរបស់កម្ពុជា និងការបន្តលើកកម្ពស់សមត្ថលទ្ធភាពនៃវិស័យការបរទេស ទន្ទឹមនឹងការសម្របខ្លួន ទៅនឹងកំណើននៃការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ការវិវត្តនៃបញ្ហាប្រឈមផ្នែកសន្តិសុខ និងការកើន ឡើងនៃការគំរាមកំហែងមិនប្រពៃណីនានានៅក្នុងតំបន់ និងពិភពលោក។
សម្តេចធិបតី ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងគោលនយោបាយការបរទេសបុរេសកម្ម និងការប្រាស្រ័យ ទាក់ទងជាយុទ្ធសាស្ត្រ ដើម្បីពង្រឹងភាពធន់របស់កម្ពុជា ក្នុងការការពារផលប្រយោជន៍ស្នូលរបស់ជាតិ រួមមាន ឯករាជ្យ និងអធិបតេយ្យភាព បូរណភាពទឹកដី សន្តិភាព និងឯកភាពជាតិ ក៏ដូចជាការរីក ចម្រើនផ្នែកសង្គម-សេដ្ឋកិច្ច។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីអាទិភាពសំខាន់ៗចំនួន៦ នៃគោលនយោបាយការបរទេសរបស់កម្ពុជា ដូចខាងក្រោម៖
-ការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ និងពង្រីកទំនាក់ទំនងស្និទ្ធស្នាលជាមួយប្រជាជាតិទាំងអស់ ដោយពង្រឹងការជឿទុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ភាពជាដៃគូឈ្នះ-ឈ្នះលើគ្រប់វិស័យ នៅក្រោមសសរស្តម្ភនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ដោយសង្កត់ធ្ងន់លើការកសាងព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង។
-ការលើកកម្ពស់ពហុភាគីនិយម តាមរយៈការចូលរួមយ៉ាងសកម្មក្នុងអភិបាលកិច្ចសកល ការគាំទ្រដល់កិច្ចប្រតិបត្តិការថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ និងការពង្រឹង ការរួមចំណែករបស់កម្ពុជាចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅទូទាំងពិភពលោក។
-ការពង្រឹងមជ្ឈភាពរបស់អាស៊ាន តាមរយៈការពង្រឹងឯកភាព និងតួនាទីស្នូលរបស់ អាស៊ាន ក្នុងការរក្សាស្ថិរភាពក្នុងតំបន់ ការគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី ការរួមចំណែកដល់ផលប្រយោជន៍ និងវិបុលភាពរួម របស់អាស៊ាន និងការឈានទៅសម្រេច ឱ្យបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលនឹងត្រូវអនុម័តនៅក្នុងឆ្នាំនេះ។
-ការលើកកម្ពស់ការទូតសេដ្ឋកិច្ច និងវប្បធម៌ ដើម្បីពង្រីកវត្តមានរបស់ព្រះរាជាណាចក្រកម្ពុជានៅលើទីផ្សារពិភពលោក បង្កើនទំនាក់ទំនងពាណិជ្ជកម្ម ទាក់ទាញការវិនយោគពីបរទេស លើកកម្ពស់ទេសចរណ៍ និងផ្សព្វផ្សាយពីសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងកិត្តិនាមរបស់ប្រទេស។
-ការពង្រឹងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតសាធារណៈ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិន ពិត ការពារ និងលើកកម្ពស់កិត្តិនាម និងផលប្រយោជន៍ជាតិកម្ពុជា នៅលើឆាកអន្តរជាតិ។
-ពង្រឹងសមត្ថភាពផ្នែកការទូតរបស់កម្ពុជា តាមរយៈកំណែទម្រង់ស្ថាប័ន និងការបង្កើន ប្រសិទ្ធផលប្រតិបត្តិការ និងវិជ្ជាជីវៈនៃសេវាកម្មបរទេសរបស់កម្ពុជា៕