ឯកឧត្ដមម៉ប់ សារិន៖កោតសរសើរអាជ្ញាធររាជធានីនិងកងកម្លាំងទាំងអស់អនុវត្តការងារបានល្អក្នុងការការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅ
ភ្នំពេញ៖ឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញនិងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការអនុវត្តការងារបានយ៉ាងល្អកន្លងមកនេះ ពិសេស គឺការអនុវត្តគោលន
យោបាយភូមិ សង្កាត់មានសុវត្ថិភាពបានល្អ ធ្វើឱ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅ។
ការកោតសរសើររបស់ឯកឧត្ដម ម៉ប់ សារិន បែបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១២ មិនា ឆ្នាំ២០២៥នេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី១០របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ ក្រោមវត្តមាន ឯកឧត្ដម ឆាយ វីរៈអភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដមប្រធានក្រុមប្រឹក្សាមានប្រសាសន៍លើកឡើងថា៖ ក្នុងខែកុម្ភៈកន្លងមកនេះ បទល្មើសព្រហ្មទណ្ឌបើទោះបីមានការកើនឡើង ប៉ុន្តែអ្វីដែលជាការកោតសរសើរនោះ រាល់បទល្មើសព្រហ្មទណ្ឌដែលបានកើតឡើងកងកម្លាំងរបស់យើងបង្ក្រាបបានស្ទើតែ១០០ភាគរយ។បន្ថែមពីនេះ ជាមួយគ្នានោះដែរឯកឧត្ដមម៉ប់ សារិន ក៏បានថ្លែងនូវការកោតសរសើរផងដែរ ចំពោះអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរទាំងអស់ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញដែលបានរួមគ្នាយកអស់កម្លាំងកាយចិត្ត សំរេចបានលទ្ធផលការងារយ៉ាងល្អប្រសើរ។
ឯកឧត្ដមប្រធានបានបន្តទៀតថា៖ ជាងនេះទៅទៀត រដ្ឋបាលរាជធានីភ្នំពេញ បានចាត់វិធានការឆ្លើយតបបានល្អប្រសើរ ជុំវិញការដាក់របាំងពុះចែកទ្រូងផ្លូវ ៦០ម៉ែត្រ និងការបង្កើតផ្លូវថ្មើរជើង (Walk Street) ។ការងារទាំងពីរនេះពិតជាទទួលបាននូវការសាទរពីប្រជាពលរដ្ឋយ៉ាងខ្លាំងក្លា។ លោកបានស្នើឲ្យអាជ្ញាធរខណ្ឌទាំង១៤និងសង្កាត់ទាំង១០៥ ជួយធ្វើការ ផ្សព្វផ្សាយប្រជាពលរដ្ឋឲ្យមកលេងនៅផ្លូវថ្មើរជើងនេះឲ្យកាន់តែបានច្រើនថែមទៀត បើទោះបីពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ផ្លូវថ្មើរជើងនេះ ទទួលបានកំណើនប្រជាពលរដ្ឋក៏ដូចភ្ញៀវទេសចរណ៍ជាតិអន្តរជាតិកើនឡើងយ៉ាងណាក៏ដោយ។
ក្នុងឱកាសនោះឯកឧត្ដម ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញក៏បានថ្លែងនូវអាការអរគុណ ចំពោះការកោតសរសើរ ពីក្រុមប្រឹក្សារាជធានីភ្នំពេញចំពោះកិច្ចការងារដែលរដ្ឋបាលរាជធានីភ្នំពេញបានអនុវត្តកន្លងមក។ ឯកឧត្ដមបានបន្តថា ការកោតសរសើរនេះ គឺជាការលើកទឹកចិត្តដ៏ធំធេងដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញបន្តអនុវត្តការងារកាន់តែល្អប្រសើរបន្ថែមទៀត។
ចំណែកលោក ហុក ហួលីម នាយរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងផងដែរថា៖ នៅក្នុងខែកុម្ភៈឆ្នាំ២០២៥កន្លងមកនេះ នៅរាជធានីភ្នំពេញ បទល្មើសព្រហ្មទណ្ឌ បានកើតមាន ៤៨លើក/៣៨លើក កើនឡើង ១០លើក។យើងបានបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បាន ៤៦ករណី ឃាត់ខ្លួន ៧០នាក់។ បង្ក្រាបបទល្មើសគ្រឿងញៀន បាន ១៥៥ករណី ឃាត់ខ្លួន ២៧៤នាក់។ បង្ក្រាបក្មេងទំនើងបាន ២៦ករណី ឃាត់ខ្លួន ៩៧នាក់។បង្ក្រាបល្បែងស៊ីសងខុសច្បាប់បានចំនួន ៩ករណី ឃាត់ខ្លួន ៨៣នាក់។ចំណែកគ្រោះថ្នាក់អគ្គិភ័យវិញបានកើតមានឡើងចំនួន២១លើក/៨លើក ពោលគឺបានកើនឡើង ១៣លើក ដោយមូលហេតុ ឆ្លងចរន្តអគ្គិសនី ១៦លើក, កត្តាមនុស្សដុតឲ្យឆេះ ៣លើក, ប្រហែសភ្លើងទៀន-ធូប ១លើក និងរថយន្តជាប់ហ្វាំង ១លើក៕