ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ព្រះរាជពិធី ស្រោចស្រពព្រះសុគន្ធវារី ជាសក្ខីកម្មថ្មីមួយទៀត នៃការរីកចម្រើនខាងព្រះពុទ្ធសាសនា ដែលប្រជាពលរដ្ឋកម្ពុជាបាន និងកំពុងរស់នៅ

23

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានថ្លែងថា ព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារីនាថ្ងៃនេះ ក៏ជាសក្ខីកម្មថ្មីមួយទៀត នៃការរីកចម្រើនខាងព្រះពុទ្ធសាសនា ដែលប្រជាពលរដ្ឋកម្ពុជាបាន និងកំពុងរស់នៅ ប្រកបដោយភាពសុខក្សេមក្សាន្ត ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជំ។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញស្រោស្រព ព្រះសុគន្ធ វារី ថ្វាយ និងប្រគេនសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃ នាយក សម្ដេចព្រះសង្ឃ នាយ ករង និងសម្ដេចចំនួន៦ព្រះអង្គ។
ព្រះរាជពិធី និងពិធីស្រោច ស្រង់ ព្រះសុគន្ធវារីនេះ បាន រៀប ចំឡើង នៅវត្តបទុមវតី នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ព្រះពុទ្ធសាសនា ជាមរតកដូនតាខ្មែរ ហើយការបង្រៀនរបស់ព្រះពុទ្ធ ជាប្រភព នៃសេចក្តីស្រឡាញ់, បញ្ញាញាណ, សន្តិភាពផ្លូវចិត្ត និង បានជ្រួតជ្រាបក្នុងស្មារតី, ផ្នត់គំនិត, អារម្មណ៍, ឥរិយាបថ, សកម្មភាពរបស់ប្រជាជនខ្មែរ ដែលបានបង្ហាញឱ្យឃើញច្បាស់ តាមរយៈចរិតរួសរាយរាក់ទាក់, ស្មោះត្រង់, សុភាពរាបសារ, ទន់ភ្លន់ និង ម៉ឺងម៉ាត់ ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា នៅព្រះរាជាណាចក្រកម្ពុជា, «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ» ហើយសេរីភាពខាងជំនឿ និងការប្រណ៍ប័តន៍សាសនាដទៃទៀត ត្រូវបានធានាក្នុងលក្ខខណ្ឌ ដែលមិនប៉ះពាល់ដល់ជំនឿ ឬ សាសនាដទៃទៀត។ ជាក់ស្ដែង, កម្ពុជាមានសុខដុមរមនា សាសនា និងរក្សាបាននូវគុណតម្លៃ នៃសាមគ្គីភាពរវាងជាតិសាសន៍ និងសាសនាផ្សេងៗគ្នា ដោយមិនមានការប្រកាន់យកនូវ និន្នាការជ្រុលនិយមនោះទេ។
សម្តេចបវរធិបតី បានបន្ដទៀតថា ក្រោមម្លប់នៃសុខសន្តិភាព, កម្ពុជាមានកាលានុវត្តភាព សមត្ថភាព និងលទ្ធភាព គ្រប់គ្រាន់ ដើម្បីបង្កើនល្បឿន នៃការអភិវឌ្ឍលើគ្រប់វិស័យ។ កត្តាសុខសន្តិភាពនេះ ក៏បាន ផ្តល់លទ្ធភាពឱ្យ ពុទ្ធបរិស័ទយើងធ្វើបុណ្យសុន្ទរ៍ទាន តាមសេចក្តីប្រាថ្នា និងបើកឱកាសឱ្យយើងបង្កើតនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។
ទន្ទឹមគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ក្នុងន័យនេះទូលព្រះបង្គំ ព្រះករុណាខ្ញុំ សូមសម្តែងនូវក្តីសង្ឃឹមថា សម្តេចជាអម្ចាស់ គ្រប់ព្រះអង្គ គង់ជាម្លប់ដ៏ត្រជាក់ នៃការគោរពប្រណិប័តន៍ព្រះពុទ្ធសាសនានៅកម្ពុជាឱ្យ បន្តរីកចម្រើន និងរុងរឿងជានិច្ចនិរន្តរ៍»៕

អត្ថបទដែលជាប់ទាក់ទង