ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីអាមេរិក៖ដាក់បុគ្គលិក VOA ១៣០០នាក់ឱ្យឈប់សម្រាក ហើយផ្តាច់មូលនិធិសម្រាប់វិទ្យុអាស៉ីសេរី និងវិទ្យុអឺរ៉ុបសេរី

22


វ៉ាស៉ីនតោន៖កាលពីថ្ងៃសៅរ៍ ទី១៥ ខែមីនា បុគ្គលិកសរុបជាង១៣០០នាក់ នៃបណ្តាញព័ត៌មានរដ្ឋអាមេរិក Voice of America ឬ VOA ត្រូវបានដាក់ ឱ្យឈប់សម្រាកពីការងារ ហើយការផ្តល់មូលនិធិសម្រាប់បណ្តាញព័ត៌មាន២ផ្សេងទៀត គឺវិទ្យុអាស៉ីសេរីនិងវិទ្យុអឺរ៉ុបសេរី ត្រូវបានលុបចោល បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាប្រតិបត្តិសំដៅបង្រួមទីភ្នាក់ងារសហព័ន្ធ ដែលមានតួនាទីគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ដែលទទួលមូលនិធិពីរដ្ឋាភិបាលអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
នាយក VOA លោក Michael Abramowitz បាននិយាយថា រូបលោក ហើយនិងបុគ្គលិកទាំងជាង១៣០០នាក់ ត្រូវបានដាក់ឱ្យឈប់សម្រាក។ ទីភ្នាក់ងារមេរបស់ VOA គឺទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល ហៅកាត់ USAGM ក៏បានលុបចោលការផ្តល់មូលនិធិ សម្រាប់វិទ្យុអឺរ៉ុបសេរី (Radio Free Europe/Radio Liberty) ហើយនិង វិទ្យុអាស៉ីសេរី (Radio Free Asia) ថែមទៀតផង។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ លោក ត្រាំ បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយ បង្គាប់ឱ្យ USAGM និង ទីភ្នាក់ងារសហព័ន្ធ៦ផ្សេងទៀត កាត់បន្ថយទំហំប្រតិបត្តិការរបស់ពួកគេ មកត្រឹមកម្រិតអប្បបរមា ដែលកំណត់ដោយច្បាប់។ ក្រៅពីប្រព័ន្ធផ្សព្វផ្សាយ កន្លងមក រដ្ឋបាលលោក ត្រាំ ក៏បានរុះរើទីភ្នាក់ងារផ្តល់ជំនួយបរទេស USAID និងក្រសួងអប់រំអាមេរិក ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង