មហាសេដ្ឋី Bill Gates ព្រមានសេតវិមានថា «មូលនិធិរបស់លោកមិនអាចបំពេញចន្លោះ»ខ្វះខាត នៅក្នុងការផ្តល់មូលនិធិសុខភាពសកល របស់អាមេរិកបានទេ
វ៉ាស៊ីនតោន៖លោក Bill Gates បានធ្វើការបញ្ចុះបញ្ចូលមន្ត្រីរដ្ឋបាល ត្រាំ ឱ្យបន្តផ្តល់មូលនិធិដល់កម្មវិធីសុខភាពទូទាំងពិភពលោក ដែលគ្របដណ្តប់លើការចាក់វ៉ាក់សាំងកុមារ និងការព្យាបាលជំងឺអេដស៍ ដោយព្រមានថាមូលនិធិរបស់លោក មិនអាចបំពេញចន្លោះខ្វះខាត ដែលបណ្តាលមកពីការកាត់បន្ថយថវិកាទាំងនោះបានទេ។ នេះបើយោងតាមប្រភពពីរដែលដឹងច្បាស់ពីបញ្ហានេះ បានប្រាប់ Reuters ដោយផ្តាច់មុខ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។
ប្រភពបានឱ្យដឹងថា លោក Gates ដែលជាមហាសេដ្ឋីសហស្ថាបនិកក្រុមហ៊ុន Microsoft និងបច្ចុប្បន្នជាអ្នកសប្បុរសធម៌ដ៏ធំក្នុងវិស័យសុខភាពពិភពលោក បានជួបជាមួយក្រុមប្រឹក្សាសន្តិសុខជាតិ ក៏ដូចជាសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដើម្បីជំរុញឱ្យមានការបន្តគាំទ្រផ្នែកហិរញ្ញវត្ថុ។
អ្នកនាំពាក្យ មូលនិធិ Bill & Melinda Gates បាន បញ្ជាក់ ថា លោក Bill Gates ថ្មីៗ នេះ បាន ទៅ ទីក្រុង វ៉ាស៊ីនតោន DC ដើម្បី ជួប ជាមួយ អ្នក ធ្វើ សេចក្តី សម្រេច ចិត្ត។ លោក បាន ពិភាក្សា ពី សារៈសំខាន់ នៃ ជំនួយ អន្តរជាតិ របស់ អាមេរិក ក្នុង ការ សង្គ្រោះ ជីវិត និង តម្រូវការ ផែនការ យុទ្ធសាស្ត្រ ដើម្បី ការពារ ជន ងាយ រងគ្រោះ បំផុត របស់ ពិភពលោក ព្រម ទាំង ការពារ សុខភាព និង សន្តិសុខ របស់ អាមេរិក។
ប្រភពបានបន្តទៀតថា លោក Gates បានប្រាប់មន្ត្រីដែលលោកបានជួបថា មូលនិធិរបស់លោកមិនមានលទ្ធភាពជំនួសតួនាទីដ៏សំខាន់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការផ្តល់ជំនួយទាំងនេះទេ។ នាយកប្រតិបត្តិមូលនិធិ Gates ក៏បានបញ្ជាក់ជាសាធារណៈដែរថា គ្មានអង្គការសប្បុរសធម៌ណាមួយមានសមត្ថភាពបំពេញចន្លោះនេះបានឡើយ។
គួរបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីការចូលកាន់តំណែងកាលពីថ្ងៃទី ២០ ខែមករា ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានចាត់វិធានការកែប្រែរចនាសម្ព័ន្ធទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ដោយកាត់បន្ថយថវិកាកិច្ចសន្យាជាង ៨០% និងបង្កកប្រាក់រាប់ពាន់លានដុល្លារដែលបម្រុងទុកសម្រាប់ជំនួយស្បៀងអាហារបន្ទាន់ រហូតដល់កម្មវិធីការពារជំងឺគ្រុនចាញ់។
ប្រភពមួយបានបន្ថែមថា រដ្ឋបាលត្រាំតាមរយៈក្រសួងការបរទេស ក៏កំពុងពិនិត្យឡើងវិញនូវប្រភេទជំនួយបរទេសណាខ្លះ ដែលនឹងបន្តស្ថិតក្រោមគោលនយោបាយ America First របស់ខ្លួន ដោយមានគម្រោងសុខភាពពិភពលោកប្រមាណ ៣០ ត្រូវបានដាក់បញ្ចូលសម្រាប់ការពិចារណាផងដែរ៕