ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហមេធាវីរបស់លោក កឹម សុខា ការប្រកាសជំហររបស់ លោក កឹម សុខា ឯកូនស្រីរបស់លោក កឹម សុខា សម្តែងការឈឺចាប់ចំពោះបុគ្គលតិរច្ឆានដែលព្យាបាទឪពុករបស់ខ្លួន

134


ភ្នំពេញ៖ សហមេធាវីរបស់លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ បានចេញសេចក្តីថ្លែងការណ៍ថា ការប្រកាសជំហររបស់ លោក កឹម សុខា ដែលមិនទទួលស្គាល់សន្និសីទរបស់ក្រុមលោក សម រង្ស៉ី នៅទីក្រុងអាតាឡង់តា សហរដ្ឋអាមេរិកនោះ គឺមិនស្ថិតនៅក្រោមការបង្ខិតបង្ខំនោះទេ។

ឯកូនស្រីទាំង២នាក់របស់ លោក កឹម សុខា បានសម្តែងនូវការឈឺចាប់ ចំពោះបុគ្គលតិរច្ឆាន ដែលព្យាបាទឪពុករបស់ខ្លួន តាមរយៈ Facebook ស្របពេលដែលសមាជិក អតីតគណបក្សប្រឆាំងនេះ បានរៀបចំសន្និសីទនៅទីក្រុងអាតាឡង់តា សហរដ្ឋអាមេរិក ដែលគេសង្ស័យថា បង្កើតរចនាសម្ព័ន្ធក្រុមប្រឆាំងថ្មី ឬបំបែកបំបាក់ក្រុមអតីតគណបក្សសង្រ្គោះជាតិ។

សេចក្តីថ្លែងការណ៍របស់ក្រុមមេធាវីលោក កឹម សុខា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងខ្ញុំជាសហមេធាវី សូមបញ្ជាក់ថា ទោះជាឯកឧត្តម កឹម សុខា ស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ក៏ដោយក៏ឯកឧត្តម កឹម សុខា នៅតែមានសិទ្ធិក្នុងការតវ៉ា ការពារ ទាមទារ និង​បដិសេធ នូវអ្វីដែលប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់គាត់។ ឯកឧត្តម កឹម សុខា មានសិទ្ធិបញ្ចេញមតិដោយខ្លួនគាត់ផ្ទាល់ ឬតាមរយៈមេធាវីស្របតាមបញ្ញត្តិច្បាប់»។

ក្រុមមេធាវី បានបញ្ជាក់បន្ថែមថា៖ «យើងខ្ញុំជាសហមេធាវី ដែលទទួលសិទ្ធិការពារក្តីជូន ឯកឧត្តម កឹម សុខា គឺអនុវត្តស្របតាមក្របខណ្ឌវិជ្ជាជីវៈ តាមឆន្ទៈកូនក្តី និងមានការទទួលខុសត្រូវ។ ក្នុងករណីយើងខ្ញុំជាសហមេធាវី បំពេញបេសកកម្មណាមួយ ដោយបំពានឆន្ទៈរបស់ ឯកឧត្តម កឹម សុខា ដែលជាកូនក្តី គាត់មានសិទ្ធិពេញលេញក្នុងការបញ្ឈប់បេសកកម្មយើងខ្ញុំជាមេធាវី បានគ្រប់ពេលវេលា។ បច្ចុប្បន្នយើងខ្ញុំនៅតែជាសហមេធាវីការពារក្តីជូន ឯកឧត្តម កឹម សុខា ដដែល»។

សូមបញ្ជាក់ ថា លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨នេះ បានចេញមុខការពារមេធាវីរបស់ខ្លួន ពីការវាយប្រហាររបស់ក្រុមទណ្ឌិត សម រង្ស៊ី ដោយអះអាងថា ​លោកមានសិទ្ធិឲ្យមេធាវី​នាំពាក្យ និងបង្ហាញពីឆន្ទៈផ្ទាល់ខ្លួនរបស់លោក ស្របតាមច្បាប់ដែលបានបញ្ញត្តិ។

កញ្ញា កឹម សម្មាធីតា កូនស្រីពៅរបស់ លោក កឹម សុខា បានសរសេរនៅលើទំព័រ Facebook របស់នាង នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨នេះថា «ប្រវត្តិសាស្រ្តនឹងកត់ត្រាទុកឈ្មោះ អ្នកដែលចូលរួមបំផ្លាញកម្លាំងតស៊ូរបស់អ្នកស្នេហាជាតិ»។ ជាមួយគ្នានេះកញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់ លោក កឹម សុខា ក៏បានចែករំលែកនូវសាររបស់ប្អូននាង ហើយសរសេរថា «មិនមែនជាលើកទី១ទេ ដែលបុគ្គលតិរច្ឆាននេះ ព្យាបាទ លោក កឹម​ សុខា តែគេនឹងបន្តបរាជ័យទៀត»។

សារកូនស្រីទាំងពីររបស់ លោក កឹម សុខា នេះ បានធ្វើឱ្យមហាជនជាច្រើនជឿជាក់ថា គឺជាការរិះគន់យ៉ាងចាស់ដៃទៅលើ លោក សម រង្ស៉ី និងបក្ខពួក ដែលកំពុងរៀបចំសន្និសីទនៅឯទីក្រុងអាតាឡង់តា សហរដ្ឋអាមេរិក ដើម្បីបំបែកក្រុមអតីតគណបក្សប្រឆាំង។ ប៉ុន្តែទោះជាយ៉ាងណាសន្និសីទនេះ ពុំមានការចូលរួមពីមនុស្សជំនិតរបស់លោក កឹម សុខា នោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង