រុស្ស៉ី និងអ៊ុយក្រែន យល់ព្រមផ្អាកការវាយប្រហារលើរោងចក្រថាមពល
ក្រុងមូស្គូ៖វិមានក្រឹមឡាំង កាលពីថ្ងៃអង្គារ ទី២៥ ខែមីនា បាននិយាយថារោងចក្រចម្រាញ់ប្រេង បំពង់បង្ហូរឧស្ម័ន និងប្រេង រួមទាំងស្ថានីយថាមពលនុយក្លេអ៊ែរត្រូវបានបញ្ចូលទៅក្នុងចំណោម គោលដៅដែលរុស្ស៉ី និងអ៊ុយក្រែនបានយល់ព្រមផ្អាកការវាយប្រហារជាបណ្ដោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងបញ្ជីគោលដៅត្រូវផ្អាកការវាយប្រហារ និងដែលត្រូវបានបង្ហោះលើឆាណែល Telegram របស់វិមានក្រឹមឡាំង ក៏មានរាប់បញ្ចូលរោងចក្រស្ដុកប្រេងឥន្ធនៈ ស្ថានីយបូមប្រេង ស្ថានីយផលិត ថាមពលអគ្គិសនី និងហេរដ្ឋារចនាសម្ព័ន្ធថាមពល រួមទាំងទំនប់វារីអគ្គិសនី។ វិមានក្រឹមឡាំងបានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនទៀតថាបញ្ជីនេះត្រូវបានឯកភាពរវាងភាគីរុស្ស៉ី និងអាមេរិក។ ចំណែក នៅទីក្រុងកៀវវិញ លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាទីក្រុងកៀវបានធ្វើបទបង្ហាញទៅកាន់ក្រុមមន្ត្រីអាមេរិកអំឡុងកិច្ចពិភាក្សានូវបញ្ជីនៃរោងចក្រ ដែលនឹងត្រូវបានផ្អាកការវាយប្រហារ។ លើសពីនេះ សហរដ្ឋអាមេរិកបានឱ្យដឹងថារុស្ស៉ី និងអ៊ុយក្រែនបានយល់ព្រមបញ្ឈប់ការវាយប្រហារនៅសមុទ្រខ្មៅផងដែរ ក្រោមក្របខណ្ឌនៃបទឈប់បាញ់ មួយផ្នែកសម្របសម្រួលដោយទីក្រុងវ៉ាស៊ីនតោន។
គួរបញ្ជាក់ថា បើតាមវិមានក្រឹមឡាំង ការផ្អាកការវាយប្រហារជាបណ្ដោះអាសន្នលើហេដ្ឋារចនាសម្ព័ន្ធថាមពលចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី១៨ ខែមីនា ដោយមានសុពលភាពរយៈពេល៣០ថ្ងៃ ប៉ុន្តែ អាចពន្យារបន្ថែមប្រសិនមានការឯកភាពគ្នាទៅវិញទៅមក៕