លោកស្រីនាយករដ្ឋមន្ត្រីថៃ ឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្ត នៅក្នុងសភា
បាងកក៖ លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃនៅថ្ងៃពុធ ទី២៦ ខែមីនា បានឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភាយ៉ាងងាយស្រួល ហើយដែលនេះក៏បាន បង្ហាញដែរពីស្ថិរភាពនៃរដ្ឋាភិបាលចម្រុះរបស់លោកស្រី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោកស្រី Paetongtarn បានទទួលជ័យជម្នះដោយឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តស្នើឡើងដោយគណបក្សប្រឆាំង ជាមួយសំឡេងគាំទ្រពីសមាជិករដ្ឋសភា ៣១៩ ក្នុងចំណោម ៤៨៨រូប ដែលមានវត្តមានក្នុងពេលបោះឆ្នោត។ គណបក្សប្រឆាំងបានអំពាវនាវឱ្យមានការបោះឆ្នោតដកសេចក្ដទុកចិត្តនេះឡើង ដោយចោទប្រកាន់លោកស្រី Paetongtarn ថាខ្វះចំណេះដឹងខាងសេដ្ឋកិច្ច គេចវេសបង់ពន្ធ គ្មានសមត្ថភាព ហើយធ្វើតាមការបង្គាប់បញ្ជាពីឪពុក គឺលោក Thaksin Shinawatra។ ប៉ុន្តែ លោកស្រី Paetongtarn មានអាយុ៣៨ឆ្នាំ បាននិយាយថាលោកស្រីកំពុងប្រឹងប្រែង ដឹកនាំប្រទេស ហើយថាលោកស្រីគួរតែត្រូវបានវិនិច្ឆយដោយការធ្វើការរបស់លោកស្រី មិនមែនដោយសារតែទំនាក់ទំនងគ្រួសាររបស់លោកស្រីនោះទេ។
គួរបញ្ជាក់ថា ការបោះឆ្នោតនៅថ្ងៃពុធនេះ បានបង្ហាញថាក្រុមចម្រុះរបស់លោកស្រី Paetongtarn នៅតែមានភាពរឹងមាំ និងមានស្ថិរភាព ដែលនេះអាចនិយាយបានថាក្នុងរយៈពេលខ្លី វាមានលទ្ធភាព ទាបដែលក្រុមចម្រុះអាចនឹងរង្គោះរង្គើរ ឬកើតមានវិបត្តិនយោបាយណាមួយ៕