ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ប្រឹងប្រែងកសាងខ្លួន ដើម្បីក្លាយជាធនធានដ៏ល្អ មិនមែនជាបន្ទុករបស់សង្គមជាតិ

58


ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានមានប្រសាសន៍ផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ប្រឹងប្រែងកសាងខ្លួន ដើម្បីក្លាយជាធនធានដ៏ល្អ មិនមែនជាបន្ទុករបស់សង្គមជាតិ។
ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារ ទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ក្នុងមូលដ្ឋានខេត្តព្រះសីហនុ។
សម្ដេចបវរធិបតី បានថ្លែងរំលឹកកាលពីសម័យសង្គ្រាមដែលកើតមាននៅក្នុងស្រុកទេស នាំឱ្យមានការបែកបាក់ ព្រាត់ប្រាស បាត់បង់កន្លែងជ្រកកោន អស្ថិរភាពជាអាទិ៍ ហេតុដូច្នេះប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាការពារបូរណភាពទឹកដីកម្ពុជា មានផែនការច្បាស់លាស់ មិនមែនធ្វើតាមការនឹកឃើញនោះឡើយ ជាពិសេសគឺមិនប្រើកម្លាំងទ័ព។
ការណ៍នេះ សម្ដេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ «សិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ចាប់យកឱកាស ពីព្រោះយើងជាអ្នកកំណត់ខ្លួនឯង ថាជាបន្ទុកសង្គម ឬជាធនធាននៃសង្គម បើយើងជាមនុស្សដែលមានគុណធម៌ សីលធម៌ យើងមានចំណេះដឹងសមត្ថភាព យើងជាធនធានរបស់សង្គមជាតិ របស់គ្រួសារ។ ផ្ទុយទៅវិញ បើយើងជាប្រព្រឹត្តអំពើមិនគប្បី (ប្រើ)គ្រឿងញៀន កាប់ចាក់ យើងមិនមែនជាធនធានទេ គឺយើងជាបន្ទុកសម្រាប់គ្រួសារ និងបន្ទុកខ្លួនឯងទៀត»។
សម្តេចបវរធិបតី បានសង្កត់ធ្ងន់ថា សូមកុំធ្វើជាបន្ទុកដល់សង្គមជាតិ ត្រូវខិតខំប្រើប្រាស់ឱកាសរបស់ខ្លួន កសាងខ្លួនជាធនធានសម្រាប់ខ្លួនឯង សម្រាប់គ្រួសារ និងប្រទេសជាតិ ដូច្នេះសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ។
ជាមួយគ្នានេះ សម្តេច បានថ្លែងថា ទទួលបានសាលាថ្មីល្អហើយ ប៉ុន្តែមិនប្រាកដថាសិស្សពូកែជាងមុនទេ ប្រសិនបើសិស្សានុសិស្សមិនខំប្រឹងរៀនសូត្រ។ សម្តេច បានបន្តថា ទោះបីពេលខ្លះអាចមានសំណាងប្រឡងបានត្រូវ តែពេលចេញធ្វើការមិនមែនសំណាងរហូតនោះទេ គឺពឹងទៅលើសមត្ថភាពសុទ្ធសាធ។
សម្ដេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ទំហំទឹកចិត្តរបស់ឪពុកម្ដាយ គឺចង់ឃើញកូនរបស់ខ្លួនល្អ សំខាន់បំផុតគឺដើរតាមគន្លងធម៌ ក៏ប៉ុន្តែឪពុកម្ដាយមិនបាននៅជាមួយយើងរហូតនោះទេ ដូច្នេះគ្រប់យ៉ាងត្រូវពឹងផ្អែកលើខ្លួនឯង។
លើសពីនេះ សម្ដេចបវរធិបតី បានថ្លែងបន្តថា ពេលសិស្សរៀនពូកែ លោកគ្រូអ្នកគ្រូក៏សប្បាយចិត្ត ហើយគាត់នៅចាំមើលថាសិស្សរបស់គាត់ ១០ ទៅ២០ឆ្នាំទៀតបានទៅដល់ណា ហើយឪពុកម្ដាយក៏ដូចគ្នា រដ្ឋាភិបាលក៏ដូចគ្នា គឹចង់បានធនធានមនុស្សដែលប្រកបដោយគុណវឌ្ឍិ មានជំនាញពិតប្រាកដ ដើម្បីចូលរួមបម្រើការងារជូនប្រទេសជាតិ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង