ចិនទទូចឱ្យអាមេរិកឈប់សម្លឹងមើលមកលើខ្លួន ដោយប្រកាន់ផ្នត់គំនិតបែបអនុត្តរភាពនិយម
ប៉េកាំង៖នៅថ្ងៃពុធ ទី២៥ ខែមីនា ក្រសួងការបរទេសចិន បានទទូចឱ្យសហរដ្ឋអាមេរិក ឈប់គិតមកលើប្រទេសចិន តាមរយៈផ្នត់គំនិតបែបអនុត្តរភាពនិយម តទៀតទៅ បន្ទាប់ពីទីក្រុងវ៉ាស៉ីនតោន បានហៅថាចិនថា ជាការគំរាមកំហែងកំពូល ផ្នែកយោធានិងសាយប័រ សម្រាប់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា សហរដ្ឋអាមេរិក បាននិងកំពុងតែបន្តសាបព្រោះទ្រឹស្តី ដែលថាចិនបង្កការគំរាមកំហែងបែបនេះបែបនោះ ក្រោមគោលដៅតែមួយគត់ គឺដើម្បីព្យាយាមគ្រប់គ្រង ក៏ដូចជា រាំងខ្ទប់ការអភិវឌ្ឍរបស់ប្រទេសចិន។ ទន្ទឹមគ្នានោះ លោក Guo បានបន្ថែមថា ចិនទទូចឱ្យអាមេរិកឈប់ចូលរួមពាក់ព័ន្ធ និងគាំទ្រដល់សកម្មភាព ចង់បានឯករាជ្យរបស់កោះតៃវ៉ាន់ តទៅទៀត។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារស្តាហ៍នេះ អាមេរិកបានចេញរបាយការណ៍វាយតម្លៃការគំរាមកំហែងចំពោះខ្លួន ដែលចងក្រងដោយសហគមន៍ស៉ើបការណ៍សម្ងាត់ ហើយនៅក្នុងនោះ បានប្រកាសចាត់ទុកប្រទេសចិន ជាការគំរាមកំហែងធំបំផុត ចំពោះផលប្រយោជន៍របស់សហរដ្ឋអាមេរិក នៅទូទាំងពិភពលោក ខណៈទីក្រុងប៉េកាំងកំពុងបន្តមានវឌ្ឍនភាពជាលំដាប់ នៅក្នុងវិស័យយោធា និងសមត្ថភាពសាយប័រ (cyber)៕