ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិនលើកទី៤, បញ្ជាក់ជាថ្មីពីភាពរឹងមាំនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន

47


សៀមរាប៖ឯកឧត្ដមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងចំនួន៣ចំណុច ដែលបានផុសចេញពីវេទិកា និងជឿថាចំណុចសំខាន់ៗទាំងនោះនឹងមគ្គុទេសក៍សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត និងពង្រឹងភាពជាដៃគូរវាងកម្ពុជា និងចិន។
ឯកឧត្ដម បណ្ឌិត គិន ភា បានថ្លែងថា វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី៤ ដែលជាជំនួបដែលមិនត្រឹមតែបានបញ្ជាក់សាជាថ្មីអំពីភាពរឹងមាំនៃក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ របស់កម្ពុជា និងចិន ប៉ុណ្ណោះទេ ប៉ុន្តែ វាថែមទាំងបានធ្វើឱ្យមានការប្តេជ្ញាចិត្តរួមគ្នាកាន់តែរឹងមាំក្នុងការកសាងសហគមន៍មួយ ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី។ ក្នុងរយៈពេលពីរថ្ងៃនេះ បានឃើញពីអានុភាពនៃកិច្ចសន្ទនា, ភាពរឹងមាំនៃភាពជាដៃគូ និងសក្តានុពលគ្មានព្រំដែននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ចិន។
ក្នុងឱកាសអញ្ជើញថ្លែងក្នុងពិធីបិទវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី៤ ស្ដីពី «ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ : ទំព័រថ្មីនៃសហគមន៍កម្ពុជា-ចិន ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី» នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅក្រុងសៀមរាប ឯកឧត្ដមបណ្ឌិត គិន ភា បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួន ដែលបានផុសចេញពីវេទិកា និងជឿថា ចំណុចសំខាន់ៗទាំងនោះនឹងមគ្គុទេសក៍សម្រាប់កិច្ចសហប្រតិបត្តិការរបស់យើងនាពេលអនាគត និងពង្រឹងភាពជាដៃគូរវាងកម្ពុជា និងចិន ដូចខាងក្រោម៖
ទី១៖ ការពិភាក្សារបស់យើងលើកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសកលលោក បានគូសបញ្ជាក់ពីការគាំទ្រដ៏រឹងមាំរបស់កម្ពុជាចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI) និងគំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) របស់ប្រទេសចិន។ គំនិតផ្តួចផ្តើមទាំងនេះផ្តល់នូវក្របខណ្ឌដ៏មានតម្លៃសម្រាប់តម្រង់ផ្លូវចំពោះបញ្ហាប្រឈមរួម និងការជំរុញឱ្យមានស្ថិរភាព និងវិបុលភាពនៅក្នុងពិភពលោកដែលកាន់តែស្មុគស្មាញ និងអន្តរអាស្រ័យ (increasingly interconnected and complex world)។
ជាងនេះទៅទៀត សហថាមពលជាយុទ្ធសាស្ត្រ (strategic synergy) រវាងយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា និងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន បានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការជំរុញច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ដែលមានសារៈសំខាន់សម្រាប់ការពន្លឿនគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនដំបូងគេរបស់កម្ពុជា ជាគំរូនៃសហថាមពលនេះ ដោយផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗដូចជា ការកាត់បន្ថយពេលវេលាធ្វើដំណើរ ការលើកកម្ពស់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងកំណើនសេដ្ឋកិច្ច តាមរយៈការតភ្ជាប់មជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ៗ និងការសម្រួលពាណិជ្ជកម្មនិងទេសចរណ៍។ យើងចែករំលែកទស្សនៈវិស័យដើម្បីប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុគោលបំណងប្រកបដោយជវភាពដោយប្រាថ្នាចង់ក្លាយជា «ទីក្រុងស៊ិនជិន (Shenzhen) ទីពីរ» ដែលជំរុញឱ្យមានការរីកចម្រើនផ្នែកឧស្សាហកម្ម និងបច្ចេកវិទ្យារបស់កម្ពុជា។
ទី២៖ ប្រធានបទនៃវេទិការបស់យើងដែលផ្តោតលើច្រករបៀងមច្ឆា និងអង្ករ និងច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម បានបំភ្លឺការយល់ដឹងថ្មីសម្រាប់ទំនើបកម្ម កសិកម្ម ការសម្របសម្រួលពាណិជ្ជកម្ម និងការអភិវឌ្ឍបៃតងប្រកបដោយចីរភាព។ តាមរយៈការធ្វើសមាហរណកម្មជាយុទ្ធសាស្រ្តនូវជំនាញរបស់ប្រទេសចិនក្នុងវិស័យនានា ដូចជា កសិកម្មឌីជីថល បច្ចេកទេសវារីវប្បកម្មទំនើប និងអភិបាលកិច្ចជនបទប្រកបដោយប្រសិទ្ធភាព ជាមួយនឹងធនធានធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើឱ្យមានកំណើនប្រកបដោយនិរន្តរភាពសម្រាប់សហគមន៍ជនបទ ពង្រឹងសន្តិសុខស្បៀងក្នុងតំបន់ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយ បរិយាបន្ន។
និងទី៣៖ កិច្ចពិភាក្សាដ៏ស៊ីជម្រៅអំពីការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន បានបញ្ជាក់ជាថ្មីថា ភាពជាដៃគូរបស់យើងបានលាតសន្ធឹងហួសពីវិស័យសេដ្ឋកិច្ច និងនយោបាយ។ វាគឺជាភាពជាដៃគូដែលចាក់ឫសយ៉ាងជ្រៅប្រកបដោយការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នា និងការផ្តល់តម្លៃដល់គ្នាទៅវិញទៅមកចំពោះវប្បធម៌និងប្រវត្តិសាស្ត្ររបស់យើងរៀងៗខ្លួន។
ពីកិច្ចសហប្រតិបត្តិលើវិស័យទេសចរណ៍ដែលត្រូវបានពង្រឹង រហូតដល់ការអភិរក្សបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់យើង និងការលើកកម្ពស់នវានុវត្តន៍ឌីជីថល ចំណងមិត្តភាពរវាងអរិយធម៌របស់យើងកាន់តែស៊ីជម្រៅ និងរីកធំធាត់។ ការរៀបចំវេទិការបស់យើងនៅខេត្តសៀមរាប ទឹកដីនៃវប្បធម៌ និងអរិយធម៌ និងជាតំបន់បេតិកភណ្ឌពិភពលោក គឺជាការរំលឹកដ៏មានអានុភាពថា ប្រវត្តិសាស្ត្ររួមរបស់យើង និងការគោរពគ្នាទៅវិញទៅមក គឺជាមូលដ្ឋានគ្រឹះនៃអនាគតរួមគ្នាដ៏ពិតប្រាកដ។
ពិធីបិទនេះធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, សាស្រ្តាចារ្យបណ្ឌិត ចេន ចាន់មីន (Zhen Zhanmin) អនុប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន, លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា។
វេទិកានេះចាត់តាំងឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន ដោយបានអញ្ជើញអ្នកប្រាជ្ញ អ្នកបង្កើតគោលនយោបាយ អ្នកជំនាញ និងតំណាងប្រព័ន្ធផ្សព្វផ្សាយជាង ១០០នាក់ មកពីប្រទេសទាំងពីរ កម្ពុជា និងចិន។ ការពិភាក្សាបានលាតសន្ធឹងលើសពីសិក្សាកថាបណ្ឌិតសភា (Academic Discourse)។ ពិភាក្សាបានបង្កើតមូលដ្ឋានគ្រឹះសម្រាប់យុទ្ធសាស្ត្រដែលអាចអនុវត្តបានដែលនឹងកំណត់គន្លងនៃទំនាក់ទំនងទ្វេភាគីរបស់កម្ពុជា និងចិន៕

អត្ថបទដែលជាប់ទាក់ទង