ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីអ៊ុយក្រែនថា ៖លក្ខខណ្ឌរបស់រុស្ស៊ីសម្រាប់បទឈប់បាញ់នៅសមុទ្រខ្មៅគឺ «មិនប្រាកដនិយម»

62

ក្រុងកៀវ៖ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានថ្លែងនៅថ្ងៃព្រហស្បតិ៍ថា លក្ខខណ្ឌរបស់រុស្ស៊ីសម្រាប់បទឈប់បាញ់នៅសមុទ្រខ្មៅគឺ «មិនប្រាកដនិយម» ហើយរុស្ស៊ីកំពុងព្យាយាមអូសបន្លាយពេលចរចា ដើម្បីដណ្តើមយកទឹកដីបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ ២០២៥។
លោកក៏បានបន្ថែមទៀតថា ការដកទណ្ឌកម្មលើរុស្ស៊ីនៅពេលបច្ចុប្បន្ននេះ នឹងក្លាយជា «មហន្តរាយសម្រាប់វិស័យការទូត»។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្ដាហ៍នេះ សហរដ្ឋអាមេរិកបានប្រកាសពីការឈានដល់កិច្ចព្រមព្រៀងដាច់ដោយឡែកជាមួយរុស្ស៉ី និងអ៊ុយក្រែនស្ដីពីបទឈប់បាញ់សមុទ្រខ្មៅ ក្រោយកិច្ចពិភាក្សានៅអារ៉ាប៊ីសាអូឌីត សំដៅធានាការធ្វើនាវាចរដោយសុវត្ថិភាព បញ្ឈប់ការវាយប្រហារ និងទប់ស្កាត់ការប្រើប្រាស់នាវាពាណិជ្ជកម្មសម្រាប់គោលបំណងយោធា។
នៅក្នុងបញ្ជីលក្ខខណ្ឌរបស់ខ្លួន រុស្ស៉ីបានទាមទារឱ្យលុបចោលការរឹតត្បិត និងទណ្ឌកម្មប្រឆាំងនឹងវិស័យធនាគារ ក្រុមហ៊ុននាំចេញពីចំណីអាហារ និងជី រួមទាំងលើនាវា ឬកប៉ាល់របស់រុស្ស៉ី ហើយដែលនេះគឺដូចគ្នាទៅនឹងការទាមទាររបស់ទីក្រុងមូស្គូ កាលពីជាង២ឆ្នាំមុន អំឡុងកិច្ចចរចាលើបន្តសុពលភាពនៃកិច្ចព្រមព្រៀងសមុទ្រខ្មៅ៕

អត្ថបទដែលជាប់ទាក់ទង