បើករថយន្ត មិនគោរពច្បាប់ អាទិភាពផ្លូវរថភ្លើង , រថភ្លើង បុករថយន្ត២គ្រឿង ហើយបើកចូលព្រលានយន្តហោះ ធ្វើព្រងើយ
ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរ កាលពីថ្ងៃ៣ខែធ្នូ២០១៨ វេលាម៉ោង ៧:៣០នាទី រថភ្លើងបានបុក រថយន្តធុនធំមួយគ្រឿង ហើយរថយន្តធុនធំនោះជ្រុលទៅបុក រថយន្តកាមរីឆ្លាមមួយគ្រឿងទៀត រុញទៅប៉ះម៉ូតូមួយគ្រឿងបណ្តាល ឲ្យរងរបួសមនុស្ស២នាក់ នៅមុខអាកាសយានដ្ឋានព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
រថយន្តដែលបានរងការខូចខាតនោះរួមមាន៖ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង៣A-០៣៨០ អ្នកបើកបរបានរត់គេចខ្លួនបាត់ និងរថយន្ត១គ្រឿងទៀត ម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២H-៦៣៤៤ បើកបរដោយបុរសម្នាក់ ពុំបានស្គាល់ឈ្មោះ។ ចំណែកម៉ូតូម៉ាកហុងដា សេ១២៥ពណ៌ខ្មៅ ជិះដោយបុរសម្នាក់ និងស្រ្តីម្នាក់ បានរងរបួសធ្ងន់មិនទាន់ស្គាល់អត្តសញ្ញាណ។ នៅមុនពេលកើតហេតុ គេឃើញ រថយន្ត និងម៉ូតូ បានឈប់ជាបន្តបន្ទាប់ នៅចំណុចស្តុបខាងលើ ខណៈនោះ មានរថភ្លើង បានធ្វើដំណើរដឹកភ្ញៀវអន្តរជាតិ ក្នុងទិសដៅពីជើងទៅត្បូង ចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក៏បានបុកពីក្រោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដែលឈប់រំលោភលើផ្លូវរថភ្លើង។
នៅពេលគ្រោះថ្នាក់រថភ្លើង បានបុករុញរថយន្ត១គ្រឿង ទៅបុករថយន្តកាមរីចំហៀង ហើយរុញទៅផ្ទប់បង្គោលភ្លើង និងចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យបាក់បង្គោលបាណូ។ ខណៈនោះ មានម៉ូតូ១គ្រឿង ក៏ត្រូវបានរថភ្លើង បុករុញរថយន្ត ទៅបុកបណ្តាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរបានរងរបួស ទាំង២នាក់ផងដែរ។ បន្ទាប់ពីកើតមានគ្រោះថ្នាក់រថភ្លើង ក៏បានបើកចូល ក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយរថយន្តទាំង២គ្រឿង និងម៉ូតូ១គ្រឿង ត្រូវបាននគរបាលចុះទៅវាស់វែង បញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕