ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋជិត៤០០គ្រួសារនៃបុរីជ័យឧត្តមខណ្ឌច្បារអំពៅទទួលប័ណ្ណកម្មសិទ្ធិពីរដ្ឋបាលរាជធានីភ្នំពេញ

315


ភ្នំពេញ ៖ រដ្ឋបាលខណ្ឌច្បារអំពៅ ប្រគល់ប័ណ្ណកម្មសិទ្ធិអចលនវត្ថុជូនដល់ប្រជាពលរដ្ឋ ចំនួន៣៧៥ប័ណ្ណ ដែលកំពុងស្នាក់នៅក្នុងបុរីចំនួន២ គឺបុរីជ័យឧត្តម ១~២ និងជ័យឧត្តម នៃខណ្ឌច្បារអំពៅ សំរាប់យកទៅប្រើប្រាស់តាមតម្រូវការរបស់ពួកគាត់ នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងបុរីជ័យឧត្តម ក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមវត្តមានលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយាដី និងលោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋប្រមាណជាង៣០០នាក់ ។

លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ ថ្លែងថា «ថ្ងៃនេះធ្វើការចែកជូនប័ណ្ណដល់ប្រជាពលរដ្ឋចំនួន៣៧៥ប័ណ្ណ ហើយមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយាដី នឹងបន្តនៃយុទ្ធនាការចែកប័ណ្ណកម្មសិទ្ធិ ដល់ប្រជាពលរដ្ឋជាបន្តបន្ទាប់ ដែលគាត់បានរស់នៅតាមបុរីផ្ទះល្វែង ជិត១០ឆ្នាំមកហើយ។

លោក សារិន វណ្ណា បានបញ្ជាក់ថា ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនេះ មានផលប្រយោជន៍២យ៉ាង ពោលគឺប្រជាពលរដ្ឋ ក៏បានផលប្រយោជន៍ច្រើន ហើយរដ្ឋក៏បានទទួលផលប្រយោជន៍ផងដែរ ព្រោះពេលប្រជាពលរដ្ឋមានលំនឹងពិតប្រាកដ ដោយមានផ្ទះនៅស្របច្បាប់ អាចយកទៅដាក់ធនាគារយកលុយមកប្រើប្រាស់បាន។
លោកបន្ថែមថា កន្លងមកមានប្រជាពលរដ្ឋមួយចំនួន មិនបានផ្ទេរកម្មសិទ្ធិស្របតាមច្បាប់ទេ គឺផ្ទេរពីម្ចាស់មួយទៅម្ចាស់មួយទៀត ដោយមិនបានបង់ព័ន្ធប្រថាប់ត្រា ដោយមានខ្លះផ្ទេរបន្តគ្នាពីមួយទៅមួយទៀត រហូតដល់៤នាក់ ទៅ៥នាក់បន្តគ្នា ហើយបើតាមច្បាប់ គឺត្រូវទៅបង់ព័ន្ធប្រថាប់ត្រានេះ តាមចំនួនដង។

លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយាដី បានលើកឡើងថា ប្រជាពលរដ្ឋដែលត្រូវបានទទួលប័ណ្ណកម្មសិទ្ធិ ទាំង៤០៧គ្រួសារ ឬខ្នងផ្ទះ ដោយប្រជាពលរដ្ឋត្រូវបង់ត្រឹមតែ៨ម៉ឺនរៀលប៉ុណ្ណោះ ទទួលបានប័ណ្ណ ។ ចំពោះការបង់ពន្ធប្រថាប់ត្រាលើអចលនទ្រព្យនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចសម្រួលឲ្យប្រជាពលរដ្ឋ មកបង់ពន្ធត្រឹមតែម្តងលើកចុងក្រោយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ចំពោះការលើកលែងនេះ គឺមានសុពលភាពត្រឹមតែថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ប៉ុណ្ណោះ បើហួសពីពេលនេះទៅ គឺរដ្ឋាភិបាលនឹងអនុវត្តដដែល ដោយមិនមានការលើកលែងទៀតទេ៕

អត្ថបទដែលជាប់ទាក់ទង