ប្រព័ន្ធផ្សព្វផ្សាយបរទេស អាចបើកការិយាល័យរបស់ខ្លួននៅកម្ពុជា ដូចដើមវិញបាន ក្រោយជម្រះបំណុលជាមួយពន្ធដារ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានបើកឱកាសឱ្យប្រព័ន្ធផ្សព្វផ្សាយបរទេស ដូចជា វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) វិទ្យុអាស៊ីសេរី (RFA) បើកការិយាល័យរបស់ខ្លួនឡើងវិញ នៅក្នុងប្រទេសកម្ពុជា។ ដោយឡែកព្រឹត្តិប័ត្រព័ត៌មានឌឹខេមបូឌាដេលី (Cambodia Daily) រាជរដ្ឋាភិបាល ក៏បានបង្ហាញឆន្ទៈអនុញ្ញាត ឱ្យបើកដំណើរការឡើងវិញ ក្រោយពេលជម្រះបំណុលរួចរាល់ជាមួយពន្ធដារ ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិធានការនានា ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងលំហរនយោបាយ ក្នុងសម្រួលដល់ស្ថានការណ៍សម្រាប់ប្រព័ន្ធផ្សព្វផ្សាយបរទេស នៅកម្ពុជា អង្គការសង្គមស៊ីវិល និងអ្នកនយោបាយ ក្រុមប្រឆាំង ដែលត្រូវតុលាការ ហាមឃាត់សិទ្ធិធ្វើនយោបាយកន្លងទៅ។
សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល បានឱ្យដឹងថា “រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ភាពជាដៃគូពិតប្រាកដ ជាមួយអង្គការសង្គមស៊ីវិល លើគ្រប់ទិដ្ឋភាពនាំការអភិវឌ្ឍសង្គម។ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសិទ្ធិការងារ និងសហជីព។ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ក្នុងការលើកតម្កើងសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិ ស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់ជាធរមាន។ កន្លងមក មានការចោទប្រកាន់អំពីការរិតត្បិតលើសេរីភាពសារព័ត៌មាន នៅកម្ពុជា ជាពិសេស ករណីរបស់ព្រឹត្តិប័ត្រព័ត៌មានឌឹខេមបូឌាដេលី វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងអាមេរិក។ គឺជាការពិតសម្រាប់ករណីទាំងនោះ គឺ ព្រឹត្តិប័ត្រព័ត៌មានឌឹខេមបូឌាដេលី បានសម្រេចបិទការបោះពុម្ពផ្សាយដោយខ្លួនឯង ព្រោះគេចវេសមិនបំពេញកាតព្វកិច្ចពន្ធដារ ស្របតាមច្បាប់ពន្ធដារកម្ពុជា ។ ក្នុងករណីដោះស្រាយបំណុលពន្ធដាររយចរាល់ហើយ ព្រឹត្តិប័ត្រព័ត៌មាននេះអាច ចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនឡើងវិញ ។ វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងអាមេរិក បានផ្តួចផ្តើមគំនិតបិទការិយាល័យតំណាង ដោយខ្លួនឯង ។ ដូច្នេះ ស្ថានីយវិទ្យុទាំងពីរ ក៏មានសេរីភាពបើកការិយាល័យខ្លួននៅកម្ពុជាឡើងវិញបានដែរ”។
សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល បានឲ្យដឹងថា រដ្ឋសភាបាននឹងកំពុងសិក្សា ដើម្បីដកបម្រាមធ្វើនយោបាយ របស់អតីតថ្នាក់ដឹកនាំ របស់អតីតគណបក្សសង្រ្គោះជាតិ ចំនួន១១៨នាក់ផងដែរ។
ក្រៅពីនោះរាជរដ្ឋាភិបាលកម្ពុជា ក៏សន្យាបន្តដោះស្រាយ បញ្ហាដីធ្លី ដែលនៅសេសសល់ និងសម្រួលដល់សកម្មភាព អង្គការសង្គមស៊ីវិល និងសហជីព នៅក្នុងប្រទេសកម្ពុជាផងដែរ៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា៖