សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការចរចាទម្លាក់ពន្ធជាមួយអាមេរិកត្រូវបានរៀបចំជា ២ជំហាន ,កម្ពុជាមិនបានសង្កត់.ក យកពន្ធពីអាមេរិក ៩៧%នោះទេ
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ បានថ្លែងបញ្ជាក់ឱ្យកាន់តែច្បាស់ អំពីអត្រាពន្ធអាមេរិកដាក់លើទំនិញកម្ពុជា ពិសេសចង់ផ្តល់នូវចំណេះដឹង ទៅអ្នកនយោបាយចាស់វស្សា ទណ្ឌិត សម រង្ស៉ី ដែលអួតខ្លួនថា ជាអ្នកជំនាញច្បាស់ខាងសេដ្ឋកិច្ច តែបែរជាមិនដឹងអីនោះ។
សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា ៩៧ភាគរយ ដែលអាមរិកគណនាចេញមកនោះ មិនមែនជាអត្រាពន្ធដែលកម្ពុជាយកលើទំនិញអាមេរិក នាំចូលកម្ពុជានោះទេ។ ៩៧ភាគរយ គឺជាឱនភាព ឬកម្រិតលម្អៀត នៃជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា អនុលោមតាមច្បាប់របស់អង្គការពាណិជ្ជកម្មកម្ពុជា យកពន្ធលើទំនិញពីគ្រប់ប្រទេសទាំងអស់មិនឱ្យលើសពី ៣៥ភាគរយនោះឡើយ ហើយសម្រាប់អាមេរិក ពន្យល់ដែលកម្ពុជាគិតជាមធ្យម គឺ២៩.៤ភាគរយ ហើយទំនិញដែលកម្ពុជានាំចូលទៅអាមេរិកវិញ គឺអាមេរិកគិតពន្ធប្រមាណ ១១ភាគរយ។
ការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រីដូច្នេះធ្វើឡើង ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានអាកាសមរតកតេជោ តម្លៃជិត៣៧លានដុល្លារ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥នេះ។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា «ខ្ញុំសូមជម្រាបថា ដល់អ្នកដែលយល់ពីសេដ្ឋកិច្ចកិច្ចច្បាស់ដូចថ្ងៃ [ទណ្ឌិត សម រង្ស៊ី] ៩៧ភាគរយ មិនមែនជាអត្រាពន្ធដែលកម្ពុជា យកលើទំនិញអាមេរិក នាំចូលកម្ពុជានោះទេ គឺគេហៅថាអត្រាឱនភាព ឬលម្អៀងនៃទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក។ សំណួរថា តើកម្ពុជាដាក់ពន្ធប៉ុន្មានទៅលើទំនិញអាមេរិក? នៅឆ្នាំ២០០៤ កម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) គឺយើងបានប្តេជ្ញាចិត្តរួចហើយ គឺទំនិញទាំងអស់មិនថា អាមេរិក ឬប្រទេសផ្សេងទេ មិនឱ្យលើសពី៣៥ភាគរយឡើយ ហើយទំនិញកម្ពុជាយើងនាំចូលទៅអាមេរិក បង់ពន្ធជាមធ្យម ១១ភាគរយ»។
សម្តេចបន្ថែមទៀតថា «មិនមែនជាការពិតទេ ដែលថាខ្មែរដាក់ពន្ធលើទំនិញអាមេរិក ៩៧ភាគរយ ហើយការដាក់ពន្ធទៅវិញទៅមកមិនមែនតែយើងទេ អាមេរិកក៏ដាក់ពន្ធលើទំនិញយើងដែរ។ ពន្ធរបស់យើងលើទំនិញអាមេរិក មានផលិតផលជាង ១៨៦៨បន្ទាត់ពន្ធ [១បន្ទាត់ពន្ធអាចមានផលិតផលច្រើនមុខ] ក្នុងនោះមាន២១០បន្ទាត់ពន្ធ ដែលទំនិញអាមេរិកនាំចូលមកកម្ពុជា ដោយរួចពន្ធ [ពន្ធសូន្យ] ពន្ធដែលយើងដាក់អាមេរិកខ្ពស់បំផុតត្រឹម ៣៥ភាគរយ ហើយជាពន្ធជាមធ្យមានត្រឹមតែ ២៩.៤ភាគរយប៉ុណ្ណោះ មិនមែន៩៧ភាគរយ»។
សម្តេចបានថ្លែងឱ្យដឹងទៀតថា ពាក់ព័ន្ធរឿងពន្ធរបស់អាមេរិកនេះ កម្ពុជាបានគិតគូរតាំងតែជាង ២ខែមុនមកម្ល៉េះ ដោយគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើសេណារីយោផ្សេងៗ អំពីការវាយតម្លៃអំពីផលប៉ះពាល់ នៃកម្រិតអត្រាពន្ធគយរបស់អាមេរិក គ្រាន់តែតែរង់ចាំមើលតើអាមេរិកដាក់ពន្ធលើកម្ពុជាដែរ ឬលើតែប្រទេសដៃគូសេដ្ឋកិច្ចធំៗរបស់ខ្លួនប៉ុណ្ណោះ។ ក្រោយមកទើបថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ត្រូវនឹងព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ អាមេរិកប្រកាសដាក់ពន្ធលើប្រទេសទាំងអស់ជិត ២០០ប្រទេស ក្នុងនោះរួមទាំងកម្ពុជាដែរ ទើបរាជរដ្ឋាភិបាល និងវិស័យឯកជនប្រជុំជាបន្ទាន់ ដាក់ចេញនូវសកម្មភាពឆ្លើយតប។
សម្រាប់ការងារចរចាអំពីបញ្ហាពន្ធនេះជាមួយអាមេរិក សម្តេចបញ្ជាក់ថា ជំហានដំបូងកម្ពុជាទម្លាក់ចំនួន ១៩បន្ទាន់ពន្ធ ដែលស្មើនឹងប្រមាណ ៨៥មុខទំនិញរបស់អាមេរិក ពី៣៥ភាគរយ មកនៅត្រឹម ៥ភាគរយប៉ុណ្ណោះ ដែលជាជំហានទី១ ហើយសម្រាប់ជំហានទី២ នៅពេលអាមេរិកបើកភ្លើងខៀវ ប្រតិភូជាន់ខ្ពស់កម្ពុជា នឹងហោះទៅអាមេរិកចរចាភ្លាមៗ។
សម្តេចបញ្ជាក់ទៀតថា «សូមជម្រាបទៅជនរួមជាតិបងប្អូនទាំងអស់ថា ទោះបីជាខ្ញុំមិនចាំបាច់មានអ្វី ត្រូវចេញតាមហ្វេសប៊ុកទាំងអស់ មិនបានន័យថា ខ្ញុំមិនបានធ្វើការនេះទេ ហើយ៤១ម៉ោង ឬ៣៧ម៉ោង គឺយើងគិតល្អិតល្អន់ណាស់ ទាំងជំហាន១ និងជំហាន២ យើងបានរៀបចំក្រុមការងារជាជំហាន២ រួចទៅហើយ ដោយបង្កើតក្រុមការងារមួយ ដែលដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល និងលោកជំទាវ ចម និម្មល ត្រៀមបើចាំបាច់ហោះទៅធ្វើការចរចា បើអាមេរិកបើកភ្លើងខៀវភ្លាម»។
ចំពោះការលើកឡើងរបស់អ្នកនយោបាយ ដែលចង់ឱ្យសម្តេចចេញទៅចរាចដោយផ្ទាល់ សម្តេចសង្កត់ធ្ងន់ថា «បើការចរចាពន្ធនេះ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ចូលរួមចរចា ខ្ញុំនឹងចូលចរចាជាមួយ នេះជាសមភាគី»៕