ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរ និងអរគុណរដ្ឋបាលរាជធានីភ្នំពេញ ដែលរៀបចំរថយន្ដសម្រាប់ដឹកពលរដ្ឋនៅស្រុកកំណើតក្នុងរដូវបុណ្យទាន ជួយកាត់បន្ថយការចំណាយរបស់ពួកគាត់

17

ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញនូវការកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការរៀបចំរថយន្ដក្រុងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងរដូវបុណ្យទានម្ដងៗ ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយចំណាយរបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ គឺស្ពានអាកាស «មរតកតេជោ» ដែលជាស្ពានអាកាសទី៨ ក្នុង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ក្នុងរដូវភ្ជុំបិណ្ឌនាពេលកន្លងទៅប្រជាពលរដ្ឋដែលប្រើប្រាស់មធ្យោបាយដឹកជញ្ជូនរបស់រដ្ឋបាលរាជធានីភ្នំពេញ ទៅកាន់ស្រុកកំណើតដោយមិនគិតថ្លៃនោះ អាចសន្សំបានថវិកាប្រមាណជាង១លាន៤សែនដុល្លារ។
ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលកាន់តែខិតជិតចូលមកដល់នោះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងត្រៀមលក្ខណៈរួចរាល់ហើយ ដោយប្រើប្រាស់រថយន្ដប្រមាណ៥៩៧គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្ត និងដឹកជញ្ជូនពីបណ្ដាខេត្តត្រឡប់មករាជធានីភ្នំពេញវិញ នៅពេលចប់ពិធីបុណ្យចូលឆ្នាំថ្មី។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមអរគុណ និងកោតសរសើរសារជាថ្មីចំពោះការត្រៀមលក្ខណៈរបស់សាលារាជធានីភ្នំពេញ សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ត្រៀមរថយន្ដ៥៩៧គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋទៅតាមផ្ទះ។ ប្រជាពលរដ្ឋសន្សំលុយបានច្រើន សម្រាប់ចាយនៅស្រុក ឬធ្វើអ្វីផ្សេង។ ពេលភ្ជុំបិណ្ឌគ្រាន់តែទិន្នន័យប្រជាពលរដ្ឋសន្សំលុយអ្នកដែលជិះឡាន ជាង១លាន៤សែនដុល្លារ យើងទុក១លាន៤សែនដុល្លារនេះនៅក្នុងហោប៉ៅប្រជាពលរដ្ឋពេលទៅលេងស្រុក»។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ការបញ្ចេញរថយន្ដក្រុងដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋក្នុងរដូវបុណ្យទានទៅស្រុកកំណើតនេះ គឺរាជរដ្ឋាភិបាលជាអ្នកចំណាយថវិកាមួយចំនួន និងមួយចំនួនទៀតជាការចូលរួមរបស់វិស័យឯកជន តាមរយៈការផ្ដល់ជាភេសជ្ជៈ និងទឹកសុទ្ធដល់អ្នកធ្វើដំណើរ។ នេះជាស្មារតីនៃការចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋពីសំណាក់រាជរដ្ឋាភិបាល។
ក្នុងន័យនេះ សម្ដេចមហាប វរធិបតី ហ៊ុន ម៉ាណែត ក៏បានក្រើនរំលឹក និងណែនាំដល់អ្នកបើករថយន្ដក្រុងសាធារណៈនេះ ត្រូវបើកបរដោយការទទួលខុសត្រូវ និងគោរពច្បាប់ ដើម្បីរក្សាសុវត្ថិភាពជូនដល់អ្នកធ្វើដំណើរក្នុងរថយន្ដ។
សូមបញ្ជាក់ថា ការបន្តរៀបចំរថយន្តក្រុងសាធារណៈជូនប្រជាពលរដ្ឋទៅស្រុកកំណើតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅពេលនេះ គឺជាការបន្តជួយដល់ប្រជាពលរដ្ឋ តាមគំរូវីរភាពរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា។
កន្លងមករៀងរាល់រដូវបុណ្យទានម្ដងៗ សម្ដេចតេជោ ហ៊ុន សែន តែងតែរៀបចំឲ្យមានការដឹកជញ្ជូនប្រជាពលរដ្ឋ តាមរយៈរថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញ ជូនប្រជាពលរដ្ឋដែលធ្វើដំណើរទៅស្រុកកំណើត ដើម្បីជួយសម្រួលការចំណាយលើថ្លៃធ្វើដំណើរ។ ការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនរបស់សាលារាជធានីភ្នំពេញ គឺមិនគិតថ្លៃ និងមានទាំងភេសជ្ជៈជូនដល់ពលរដ្ឋថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង