ធ្លាក់ឧទ្ធម្ភាគចក្រសង្រ្គោះបន្ទាន់ចូលសមុទ្រ បណ្តាលឱ្យមនុស្ស៣នាក់ស្លាប់ និង៣នាក់ទៀតនៅរស់
ក្រុងតូក្យូ៖ឆ្មាំសមុទ្រជប៉ុន បានឱ្យដឹងនៅថ្ងៃចន្ទ ទី៧ ខែមេសា ថា មនុស្ស៣នាក់បានបាត់បង់ជីវិត បន្ទាប់ពីឧទ្ធម្ភាគចក្រសង្រ្គោះបន្ទាន់ ១គ្រឿង បានធ្លាក់ចូលសមុទ្រ នៅភាគនិរតីប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
មានមនុស្សសរុប៦នាក់ បានស្ថិតនៅលើឧទ្ធម្ភាគចក្រនោះ ឆ្ពោះទៅកាន់មន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុង Fukuoka ចេញពីកោះ Tsushima នៃតំបន់ Nagasaki កាលពីរសៀលថ្ងៃអាទិត្យ កន្លងទៅ។ ប៉ុន្មានម៉ោងក្រោយដាច់ការទាក់ទង មនុស្សទាំង៦នាក់ ត្រូវបានប្រទះឃើញ រួមជាមួយឧទ្ធម្ភាគចក្រខាងលើ ដោយនាវាល្បាត១គ្រឿង។ អ្នកជំងឺអាយុ៨៦ឆ្នាំ សមាជិកគ្រួសារអាយុ៦៨ឆ្នាំ និងវេជ្ជបណ្ឌិតអាយុ៣៤នាក់ ត្រូវបានរកឃើញក្នុងសភាពសន្លប់មិនដឹងខ្លួន ហើយក្រោយមកត្រូវបញ្ជាក់ថា បានស្លាប់ ខណៈមនុស្ស៣នាក់ទៀត នៅដឹងខ្លួនតោងជាប់នឹងឧទ្ធម្ភាគចក្រ។
គួរបញ្ជាក់ថា បើតាមសារព័ត៌មានជប៉ុន Asahi Shimbun កាលពីខែកក្កដា ឆ្នាំ២០២៤ ឧទ្ធម្ភាគចក្រ១គ្រឿង ដែលធ្វើប្រតិបត្តិការដោយក្រុមហ៊ុនដូចគ្នា ក៏បានធ្លាក់ផងដែរទៅលើដី នៅក្នុងតំបន់ Fukuoka ហើយផ្តាច់ជីវិតមនុស្ស២នាក់ ជិះនៅលើនោះ៕