ការបោសសម្អាតពួកឧក្រិដ្ឋជន ធ្វើឲ្យកម្ពុជាចំណេញច្រើនណាស់
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងថា ការបោសសម្អាតពួកឧក្រិដ្ឋជននេះ ធ្វើឲ្យកម្ពុជាចំណេញច្រើនណាស់ ទោះឧក្រិដ្ឋជនផ្នែកណាក៏ដោយ កាលណាវាមកដល់កម្ពុជាមិនយូរមិនឆាប់ វានឹងប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់សង្គមយើង ។
នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការស៊ើបអង្កេតសារធាតុផ្សំគ្រឿងញៀន នៅសាលប្រជុំនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ លោក នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានថ្លែងអំណរគុណ និងស្វាគមន៍ដល់ប្រធានសេនានុព័ន្ធ សន្តិសុខប្រចាំស្ថានទូត សហរដ្ឋអាមេរិក និងប្រធានខាងបណ្តុះបណ្តាលរបស់ DEA ព្រមទាំងគ្រូឧទ្ទេសនាមទាំងអស់ ចំពោះកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្សដល់នគរបាលជាតិកម្ពុជា ។
លោក នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បញ្ជាក់ថា ចំពោះនគរបាលជាតិកម្ពុជា ដែលមានតួនាទីជាមន្រ្តីអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀន វគ្គបណ្តុះបណ្តាលនេះ ជាវគ្គសិក្សាដ៏កម្ររមួយដែលកន្លងមកយើងមិនទាន់បានរៀនសូត្រទេ វគ្គបណ្តុះបណ្តាល ស្តីពីការស៊ើបអង្កេតសារធាតុផ្សំគ្រឿងញៀន នេះគឺថាសំខាន់ណាស់ដែលកន្លងមកយើងដឹងតែពីផលិតផលគ្រឿងញៀនដែលផលិតចេញមកហើយ ដូចជា ៖ មេតំហ្វេតាមីន ហេរ៉ូអ៊ីន ឬក៏កូកាអ៊ីនជាដើម ។ ដោយចំពោះសារធាតុគីមីផ្សំនេះយើងនៅតិចតួចណាស់ ។
បើតាម លោក នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ រវាងមន្រ្តីអនុវត្តច្បាប់កម្ពុជា និងសហរដ្ឋអាមរិក គឺយើងបានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងល្អ ទទួលបានលទ្ធផលល្អ ស្មើភាពគ្នាដូចជាដៃគូ បានន័យថា ពេលដែលយើងបង្រ្កាបជនឧក្រិដ្ឋគ្រឿងញៀន ឬក៏ជនឧក្រិដ្ឋផ្សេងៗឆ្លងដែន ពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងៗមកកម្ពុជា ពេលយើងសហប្រតិបត្តិការចាប់បង្រ្កាបបញ្ជូនទៅវិញ បានន័យថា យើងទទួលេជោគជ័យទាំងសងខាង ។ ខាងសហរដ្ឋអាមេរិកអាចចាប់បញ្ជូនឧក្រិដ្ឋត្រឡប់ទៅកាត់ទោសវិញ ប៉ុន្តែនៅកម្ពុជាយើងទទួលបានលទ្ធផលល្អ ល្អត្រង់យើងបានបោសសម្អាតឧក្រិដ្ឋជនមិនវាពួនលាក់សម្ងំនៅក្នុងទឹកដីកម្ពុជា ។ ការបោសសម្អាតពួកនេះ ធ្វើឲ្យយើងចំណេញច្រើនណាស់ ពួកឧក្រិដ្ឋជន ទោះឧក្រិដ្ឋជនផ្នែកណាក៏ដោយកាលណាវាមកដល់កម្ពុជាមិនយូរមិនឆាប់វានឹងប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់សង្គមយើង ។ អញ្ចឹងគឺជាបញ្ហាសំខាន់ ដែលឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន លោកបានផ្តាំផ្ញើដល់សិក្ខាកាមយើងទាំងអស់ ត្រូវខិតខំប្រឹងប្រែងស្តាប់ ត្រងត្រាប់ កត់ត្រា ក្រេបជញ្ជក់ យកបទពិសោធន៍ និងចំណេះដឹង ពីលោកគ្រូ ដើម្បីមប្រើ និងការពារជូនប្រជាពលរដ្ឋ ៕