ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តួនាទីប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ឆ្លើយតបទៅនឹងបញ្ហា ដែលក្រុមប្រឆាំងបង្កើតពាក្យអាចាមរ៉ាម ការមូលបង្កាច់បន្លំសភាព​ការណ៍

77


ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន មានប្រសាសន៍ថា បច្ចុប្បន្ននេះ ការកកើតឡើងនូវបណ្ដាញទំនាក់ទំនងបណ្ដាញសង្គម(ហ្វេសប៊ុក) ការងារវិទ្យុ ទូរទស្សន៍ និងកាសែតបោះពុម្ព គឺសុទ្ធតែប្រឈមមុខ នឹងសភាពការណ៍ថ្មីៗ ខណៈ​ពេលដែល​មនុស្សជាច្រើន ត្រូវការ​មើលព័ត៌មាន ដែលអាចមើលតាមហ្វេសប៊ុក ឬតាមយូធូប បានគ្រប់​ផ្នែកទាំងអស់។

ប៉ុន្តែទោះយ៉ាងណា លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន នៅតែមានសុទ្ទិដ្ឋិនិយមថា ប្រព័ន្ធផ្សព្វផ្សាយវិទ្យុ និងទូរទស្សន៍ នៅតែដើរតួនាទី យ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយព័ត៌មាន ពិត និងធ្វើការឆ្លើយតប បានទាន់ពេលវេលា ហើយលោកថា បើទោះបីជាសព្វថ្ងៃ​មានការផ្សាយនូវព័ត៌មានមិនពិត ឬព័ត៌មានក្លែងបន្លំ ដែលបង្កផលប៉ះពាល់ដល់សង្គម។

ក្នុងពិធីសម្ពោធអគារថ្មីរបស់ស្ថានីយវិទ្យុអេហ្វអឹមជាតិ៩៦ កាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា បរិបទនៅកម្ពុជានាពេលនេះ មិនមែនជាបញ្ហាដូចនៅ បណ្ដាប្រទេសអឺរ៉ុបនោះទេ គឺបញ្ហាធំបំផុតគឺធ្វើយ៉ាងណាឆ្លើយតប ឱ្យបានទាន់ពេលវេលានូវ សំណូមពរ និងការចង់ដឹងអំពីព័ត៌មានពិត។ លោករដ្ឋមន្រ្ដីបន្ដថា ការងាររបស់វិទ្យុ គឺផ្ដោត​សំខាន់ក្នុងការឆ្លើយតប និងធ្វើការពន្យល់រាល់ព័ត៌មាន ដែលបាន​ផ្សព្វផ្សាយមិនពិត ឬព័ត៌មាន​ដែលក្លែងបន្លំ ដើម្បីឱ្យប្រជាពលរដ្ឋបានទទួលព័ត៌មានពិត និងឆ្លើយតបបានទាន់ពេល​វេលា​នូវរាល់សភាពការណ៍ដែលកើតឡើងនៅក្នុងសង្គម។

លោកបានបន្ដទៀតថា ជាមួយគ្នានេះ ក្រុមប្រឆាំងចាប់ផ្ដើមវាយប្រហារ មកលើរាជរដ្ឋាភិបាលជាបណ្ដើរៗ តាមរយៈការផ្សព្វផ្សាយព័ត៌មានក្លែងបន្លំ បង្កើតពាក្យអាចាមរ៉ាម ការមូលបង្កាច់បន្លំសភាព​ការណ៍។ លោកបានបន្ថែមដូច្នេះថា ” ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ តួនាទីប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ជាពិសេសវិទ្យុ ​ត្រូវធ្វើការពន្យល់ និងផ្សព្វផ្សាយដោយឈរលើភស្ដុតាង តួលេខត្រឹមត្រូវ និងស្រង់សំដីពីអ្នក ជំនាញពាក់ព័ន្ធនឹងវិស័យនីមួយៗ ដើម្បីឱ្យប្រជាជនកាន់តែយល់ច្បាស់ពីសភាពការណ៍ដែល បានកើតឡើង”។

លោកបានណែនាំដល់គ្រប់វិទ្យុទាំងអស់ នៅរាជធានី ខេត្ដ ត្រូវធ្វើការងារ​ឱ្យមានភាពប្រទាក់ក្រឡាគ្នា និងបណ្ដាញព័ត៌មាន ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានលឿន ឆាប់​រហ័ស ប៉ុន្ដែត្រូវមានប្រភពច្បាស់លាស់ ដើម្បីធានា និងការផ្ដល់នូវទំនុកចិត្ដ​សម្រាប់ប្រព័ន្ធ ផ្សព្វ​ផ្សាយរបស់រដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង