ក្នុងវេទិកាសាធារណៈ នៅខណ្ឌព្រែកព្នៅ ប្រជាពលរដ្ឋ សុំឲ្យអាជ្ញាធរជួយដោះស្រាយគ្រឿងញៀន លូ ផ្លូវ ទឹក ភ្លើង និងសំរាម
ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅ ខណ្ឌព្រែកព្នៅ ដើម្បីដោះស្រាយបញ្ហារបស់ ប្រជាពលរដ្ឋ ដែលស្នើសុំឲ្យអាជ្ញាធរ ជួយដោះស្រាយ រឿងក្មេងប្រើប្រាស់គ្រឿងញៀន លូ ផ្លូវ ទឹកលិច ភ្លើងបំភ្លីសាធារណៈ និងសំរាមស្អុយ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាចរាចរណ៍ ហ្គេមបាញ់ត្រី ក្មេងទំនើង ជាដើម ។ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ បានប្រព្រឹត្ដទៅថ្ងៃទី៤ ធ្នូ ឆ្នាំ២០១៨ នៅវត្តឈូកវ៉ា ក្រោមអធិបតីភាព លោកម៉ប់ សារិន ប្រធាន ក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ ។
ក្នុងវេទិកាសាធារណៈនេះ លោកម៉ប់ សារិនប្រធាន ក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ធ្វើឡើងរៀងរាល់មួយឆ្នាំម្តង តែនៅថ្នាក់សង្កាត់និងខណ្ឌតែតែធ្វើជាប្រចាំ ក្រោយពីបញ្ចប់វេទិកាពិគ្រោះយោលបល់ គឺយើងបូកសរុបបញ្ហា ដែលប្រជាពលរដ្ឋស្នើឡើង និងការចង់បានរបស់ប្រជាពលរដ្ឋ ហើយដាក់ចូលក្នុងគម្រោងអភិវឌ្ឍន៍ ដើម្បីបំពេញការចង់ បានរបស់ប្រជាពលរដ្ឋ។
លោក ម៉ប់ សារិន ក៏បានស្នើសុំឲ្យប្រជាពលរដ្ឋលើកឡើងនូវបញ្ហាប្រឈមនានា ក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធររាជធានីភ្នំពេញដោះស្រាយ។ ក្នុងឱកាសនោះ លោកបានកោតសរសើរ ចំពោះកម្លាំងមានសមត្ថកិច្ចប៉ូលិសខណ្ឌដែលបានបង្ក្រាបបទល្មើសជាប្រចាំ ពិសេសលើការបង្ក្រាបគ្រឿងញៀន បានជាប្រចាំ ដែលនេះបង្ហាញពីការចូករួមអនុវត្តគោលនយោបាយភូមិសង្កាត់បានល្អ។
លោកប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីនៅព្រឹកនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធបញ្ហាសំខាន់ជាច្រើន ដែលទាក់ទងនឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន បញ្ហាគ្រឿងញៀញ ទឹក ភ្លើង និងបញ្ហាអភិវឌ្ឍមូលដ្ឋាន។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា៖ វាទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានី នៅព្រឹកនេះ ផ្តោតសំខាន់ពាក់ព័ន្ធបញ្ហា៣ចំណុច ដែលទាក់ទងនឹងកង្វល់ផ្ទាល់ របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍមូលដ្ឋាន៕