ស្នងការនគរបាលខេត្តព្រះសីហនុ ថាជនមួយក្រុមសាក់រូបពេញខ្លួន និងកាន់ដាវ មិនមែននៅកម្ពុជាទេ
ទាក់ទងសារព័ត៌មានមួយចំនួន បានបង្ហោះរូបភាពទាក់ទងមាន ជនមួយក្រុមសាក់រូបពេញខ្លួន និងកាន់ដាវ ថាជាក្រុមចិននៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានចេញសារបញ្ជាក់ថា មិនមែននៅប្រទេសកម្ពុជាទេ។
បើតាមផេកផ្លូវការ លោក ជួន ណារិន្ទ បានបញ្ជាក់ថា៖
“ស្នងការដ្ឋាននគរបាលខេត្តព្រះសហនុ សូមគោរពរាយការណ៏ជូនសាធារណៈជនសូមមេត្តាជ្រាបថា៖ កាលពីថ្មីៗកន្លងមកនេះមានសារពត៌មានមួយចំនួនតូចបានបង្ហោះថារូបភាពជនខាងក្រោមដែលមានសាក់រូបពេញខ្លួននេះគឺ ជាក្រុមចិននៅក្នុងប្រទេសកម្ពុជា តែ តាមពិតក្រុមទាំងនេះជាជនជាតិវៀតណាម ហើយម្ចាស់ហ្វេសប៊ុកឈ្មោះ GIA DINH VUI TINH ជារឿយៗបានបង្ហោះរូបក្រុមនេះធ្វើសកម្មភាពបង្អួតសាក់ដាក់បណ្តាញសង្គមហ្វេសប៊ុករបស់ពួកគាត់ ជាអកុសលត្រូវសារពត៌មានមួយក្តាប់តូចព្យាយាមបំពុលសង្គមខ្មែរយើងអោយអាប់អួមិនស្រាកស្រាន្ត។ ដូច្នេះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសូមគោរពរាយការណ៏ជូនដល់សារធាណៈមេត្តាយកចិត្តដាក់ពិនិត្យអោយបានច្បាស់លាស់មុននិងវាយតម្លៃ និងសូមអោយបងប្អូនជនរួមជាតិមេត្តាមានស្មារតីខ្ពស់ក្នុងការលើកតំកើងថែរក្សាកិតត្តិយស មុខមាត់ និង សេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិយើងទាំងមូល។ សូមអរគុណ!”៕