ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សង្រ្កាន្តវត្តភ្នំ ភ្ជាប់ផ្លូវថ្មើរជើង (Walk Street) ធ្វើឱ្យរាជធានីភ្នំពេញទាក់ទាញប្រជាពលរដ្ឋ​និងទេសចរមកដើរកម្សាន្តជិត៤លាននាក់

39


ភ្នំពេញ៖ សង្រ្កាន្តវត្តភ្នំ ភ្ជាប់ផ្លូវថ្មើរជើង (Walk Street) រួមទាំងកម្មវិធីនានានៅតាមបណ្ដាខណ្ឌទាំង១៤ បានធ្វើឱ្យរាជធានីភ្នំពេញ ទាក់ទាញប្រជាពលរដ្ឋ​និងទេសចរមកដើរកម្សាន្តជិត ៤លាននាក់ ក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២-១៦ ខែមេសាហើយចំនួននេះ កើនឡើង ១២០ភាគរយ បើធៀបនឹងឆ្នាំមុន។
ចូលឆ្នាំខ្មែរ ឆ្នាំ២០២៥នេះ រាជធានីភ្នំពេញកាន់តែសប្បាយ និងអ៊ូអរ តាមរយៈការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ ផ្លូវថ្មើរជើង (Walk Street) និងកម្មវិធីនានានៅតាមបណ្ដាខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ។ ត្រឹមរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២-១៦ ខែមេសា រាជធានីភ្នំពេញ ទទួលបានទេសចរ និងពលរដ្ឋ ចូលរួមកម្សាន្តសប្បាយជិត ៤លាននាក់។ នេះបើតាមការបញ្ជាក់របស់លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃ១៧មេសានេះ។
ព្រឹត្តិការណ៍«សង្រ្កាន្តវត្តភ្នំ» ចាប់ផ្ដើមនៅថ្ងៃទី១៤ មេសា ប៉ុន្តែប្រជាពលរដ្ឋ ជាពិសេសយុវវ័យ បានមកកម្សាន្ត និងលេងនៅតំបន់ត្រជាក់ចិត្តក្នុងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ តាំងពីថ្ងៃទី១២ មេសាមកម៉្លេះ ពោលចំថ្ងៃភ្ជាប់នឹងផ្លូវថ្មើរជើង។ កំណើនទេសចរ និងពលរដ្ឋ ចូលរួមច្រើនកុះករ ក្នុងឆ្នាំ២០២៥នេះ លោកស្រី ដោ សម្ផស្ស ចាត់ទុកជាជោគជ័យមួយរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបង្កបរិយាកាសរីករាយដល់ពលរដ្ឋ និងទេសចរនៅក្នុងរាជធានីភ្នំពេញ។
បើតាមអ្នកនាំពាក្យខាងលើ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ រដ្ឋបាលរាជធានីភ្នំពេញ មានទិសដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋក្នុងរាជធានី ទទួលបានភាពសប្បាយរីករាយ ចូលរួមលេងល្បែងប្រជាប្រិយ រាំលេងកម្សាន្តតាមចង្វាក់ប្រពៃណីខ្មែរ ជាពិសេសជួបជុំនៅតំបន់ត្រជាក់ចិត្តនៅមុខរមណីយដ្ឋានវត្តភ្នំ។ ជាក់ស្ដែងក្រៅពីតំបន់វត្តភ្នំ តំបន់ផ្សារចាស់ និងផ្សារកណ្ដាល ក៏មានសភាពណែនណាន់តាន់តាប់ ដែលពលរដ្ឋមកលេងទឹកកម្សាន្តនៅពេលល្ងាច និងយប់ផងដែរ។
សម្រាប់បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់វិញ លោកស្រី ដោ សម្ផស្ស អះអាងថា អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចបានយកចិត្តទុកខ្ពស់ ដើម្បីធានាសុវត្ថិភាព និងបង្កលក្ខណងាយស្រួលដល់អ្នកចូលរួម។ តាមរយៈព្រឹត្តិការណ៍ក្នុងថ្ងៃចូលឆ្នាំនេះ បានចូលរួមចំណែកលើកស្ទួយ និងបង្កើនចរន្តសេដ្ឋកិច្ចបន្ថែមផងដែរ។
ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះឯកឧត្ដមឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងលោកជំទាវក៏បានចូលរួមលេងកំសាន្តយ៉ាងសាមញជាមួយប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិនិងអន្តរជាតិនៅសង្ក្រាន្តវត្តភ្នំផងដឹកនាំបញ្ជាកងកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរក្នុងកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង