ក្រសួងការបរទេសកម្ពុជា បង្ហាញលទ្ធផលនៃដំណើរទស្សនកិច្ច របស់លោក ស៊ី ជីនពីង នៅកម្ពុជា
ភ្នំពេញ៖ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋជាថ្មីរបស់លោក ស៊ី ជីន ពីង ប្រធានាធិបតីចិន នៅលើដីកម្ពុជា ដែលជាមិត្តចាស់ដ៏យូរអង្វែង និងមានចំណងទំនាក់ទំនងដ៏រឹងមាំនោះ បានក្លាយជាព្រឹត្តិការណ៍នាំ មក នូវការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាទាំងនៅក្នុងមជ្ឈដ្ឋាន សង្គម កម្ពុជា និងចិន ក៏ដូចជានៅលើឆាកអន្តរជាតិផងដែរ។
ក្នុងដំណើរទស្សនកិច្ចនេះ លោក ស៊ី ជីនពីង បានចូលថ្វាយបង្គំ គាល់ព្រះករុណា ព្រះមហាក្សត្រកម្ពុជា និង សម្តេចមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។
លោកប្រធានាធិបតី ក៏បានជួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងបានជួបពិភាក្សាការងារជាមួយ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។
ក្រសួងការបរទេសកម្ពុជា បានហៅដំណើរទស្សនកិច្ចរបស់ លោក ប្រធា នាធិបតីចិន ជាដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់។ ដំណើរ ទស្សនកិច្ចនេះ មិនត្រឹមតែបានបញ្ជាក់សាជាថ្មីពីការ ប្តេជ្ញាចិត្តឥត ងាករចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា និងចិនប៉ុណ្ណោះ ទេ ប៉ុន្តែថែមទាំងបានពង្រឹង និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះ – ឈ្នះ រវាងប្រទេសទាំងពីរផងដែរ។
ដំណើរទស្សនកិច្ចនេះ ក៏បានបន្ថែមសន្ទុះថ្មីដល់ការកសាង សហ គមន៍ វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ប្រកប ដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។ ក្នុងបរិការណ៍ នេះ ភាគីទាំងពីរបានសម្តែងការប្តេជ្ញាចិត្តក្នុងការ ធានាការអនុវត្ត ប្រកបដោយប្រសិទ្ធភាព នៃក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូង ពេជ្រ និងពន្លឿនការកសាង «ច្រករបៀង ឧស្សាហកម្ម និងបច្ចេក វិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ»។
ក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិននាពេលនេះ, កម្ពុជា និងចិន បានពិភាក្សាគ្នាលើបញ្ហាជាច្រើនរួមមាន៖ កិច្ចសហប្រតិបត្តិការនយោបាយ, កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ពាណិជ្ជកម្ម និងវិនិយោគ, កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ, សន្តិសុខមនុស្សជាតិ, ការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងវប្បធម៌ និងកិច្ចសហប្រតិបត្តិការអន្តរជាតិផងដែរ៕