ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការវាយប្រហាររបស់អាមេរិក សម្លាប់មនុស្ស ៧៤នាក់នៅយេម៉ែន ដែលជាការវាយប្រហារបណ្ដាលឲ្យស្លាប់ច្រើនបំផុត

51


សាណា៖ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហ៊ូធី (Houthi) នៅយេម៉ែន បានប្រកាសថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ លើកំពង់ផែឥន្ធនៈ Ras Isa បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧៤នាក់ ដែលនេះជាការវាយប្រហារបណ្តាលឲ្យមានអ្នកស្លាប់ច្រើនបំផុត ចាប់តាំងពីសហរដ្ឋអាមេរិកបានចាប់ផ្តើមយុទ្ធនាការទ្រង់ទ្រាយធំរបស់ខ្លួនប្រឆាំងនឹងក្រុមហ៊ូធីកាលពីខែមុន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥។
អ្នកនាំពាក្យក្រសួងសុខាភិបាលហ៊ូធី លោក Anees al-Asbahi ក៏បានបញ្ជាក់ដែរថា មនុស្ស ១៧១នាក់ផ្សេងទៀតបានរងរបួស។ យោធាសហរដ្ឋអាមេរិក បាននិយាយថា ការវាយប្រហារនេះមានគោលបំណងកាត់ផ្តាច់ប្រភពចំណូលពីឥន្ធនៈរបស់ក្រុមសកម្មប្រយុទ្ធហ៊ូធី។ បញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានសរសេរលើបណ្តាញ X ថា «គោលបំណងនៃការវាយប្រហារទាំងនេះ គឺដើម្បីធ្វើឲ្យខូចប្រភពសេដ្ឋកិច្ចនៃអំណាចរបស់ពួកហ៊ូធី ដែលបន្តកេងប្រវ័ញ្ច និងនាំមកនូវការឈឺចាប់យ៉ាងខ្លាំងដល់ជនរួមជាតិរបស់ពួកគេ»។ CENTCOM មិនបានធ្វើអត្ថាធិប្បាយលើតួលេខអ្នកស្លាប់ និងរបួសដែលផ្តល់ដោយក្រុមហ៊ូធីទេ។
សហរដ្ឋអាមេរិកបានប្តេជ្ញាបន្តយុទ្ធនាការវាយប្រហារលើក្រុមហ៊ូធី ដែលជាប្រតិបត្តិការយោធាដ៏ធំបំផុតរបស់ខ្លួននៅមជ្ឈិមបូព៌ា ចាប់តាំងពីលោក ដូណាល់ ត្រាំ ចូលកាន់តំណែងក្នុងខែមករា លុះត្រាតែក្រុមនេះបញ្ឈប់ការវាយប្រហារលើនាវាដឹកទំនិញនៅសមុទ្រក្រហម។
ក្រុមហ៊ូធី ដែលបានគ្រប់គ្រងទឹកដីយេម៉ែនភាគច្រើនក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ បានចាប់ផ្តើមវាយប្រហារដោយដ្រូន និងមីស៊ីលរាប់សិបដងលើនាវានៅសមុទ្រក្រហមតាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ ដោយអះអាងថា ដើម្បីបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន។ ពួកគេបានផ្អាកការវាយប្រហារនេះក្នុងអំឡុងពេលបទឈប់បាញ់នៅហ្គាហ្សា ហើយទោះបីបានសន្យាថានឹងបន្តការវាយប្រហារឡើងវិញក្រោយអ៊ីស្រាអែលបន្តប្រតិបត្តិការនៅហ្គាហ្សាកាលពីខែមុនក៏ដោយ ក្រុមនេះមិនទាន់បានវាយប្រហារគោលដៅនៅសមុទ្រក្រហមជាថ្មីនៅឡើយទេ។
គួរបញ្ជាក់ថា កំពង់ផែ Ras Isa ដែលជាគោលដៅនៃការវាយប្រហារនេះ មានសមត្ថភាពផ្ទុកប្រេង ៣លានបារ៉ែល និងជាកំពង់ផែនាំចេញប្រេងដំបូងគេរបស់យេម៉ែនដែលសាងសង់ឡើងប្រហែល ៤០ឆ្នាំមុន។ កាលពីខែមីនា មន្ត្រីហ៊ូធីបានអះអាងថា ការវាយប្រហាររបស់អាមេរិកក្នុងរយៈពេលពីរថ្ងៃ បានសម្លាប់មនុស្សជាង ៥០នាក់៕

អត្ថបទដែលជាប់ទាក់ទង