ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ឱ្យសង់ផ្លូវដែកភ្ជាប់មកកាន់តំបន់សេដ្ឋកិច្ចពិសេសក្នុងស្រុកក្រគរ ដើម្បីសម្រួលដល់ការដឹកជញ្ជូន

17

ពោធិ៍សាត់៖ផ្លូវដែកជាមធ្យោបាយបម្រើដល់ការដឹកជញ្ជូនទាំងអ្នកដំណើរ និងទំនិញដ៏មានគុណតម្លៃមួយ ក្នុង ប្រព័ន្ធដឹកជញ្ជូន។ កម្ពុជា ក៏មានមហិច្ឆតាប្រែក្លាយប្រព័ន្ធផ្លូវដែករបស់ខ្លួនឱ្យកាន់តែល្អប្រសើរផងដែរ ជាពិសេសផ្លូវដែកល្បឿនលឿន, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ បានណែនាំឱ្យសង់ផ្លូវដែកភ្ជាប់មកកាន់តំបន់សេដ្ឋកិច្ចពិសេសក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីសម្រួលដល់ការដឹកជញ្ជូន។
ការណែនាំបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រ ដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥នេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំ ឱ្យឯកឧត្តម កែវ រតនៈ គិតគូរអំពីការសិក្សាការតភ្ជាប់ដែកមកពីតំបន់សេដ្ឋកិច្ចពិសេសនេះ ទៅតភ្ជាប់ផ្លូវដែក ដើម្បីដឹករថយន្តចេញទៅខេត្តព្រះសីហនុ ឬមួយចេញទៅតាមប៉ោយប៉ែត»។
ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ខេត្តពោធិ៍សាត់ គឺមានសក្តានុពលខ្លាំងណាស់ ហើយសក្តានុពលដែលកំពុងតែកើតមាននៅខេត្តពោធិ៍សាត់ គឺអាចធានាបានដោយសារតែមានស្ថិរភាព និងមានហេដ្ឋារចនាសម្ព័ន្ធដែលរាជរដ្ឋាភិបាលបានកសាងជាបន្តបន្ទាប់ ដើម្បីធ្វើយ៉ាងណាតភ្ជាប់សក្តានុពលពីខេត្តចេញទៅតាមបណ្តាទីបប្រជុំ ស្រុក និងបណ្តារាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា។
សម្តេចបវរធិបតី ហ៊ុន ម៉ាណេត បានបន្ថែមថា ប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់ ទៅថ្ងៃអនាគត គឺនៅពេលធ្វើដំណើរចេញទៅខេត្តកោះកុង ឬខេត្តព្រះសីហនុ នឹងមានជម្រើសដោយមិនចាំបាច់ធ្វើដំណើរតាមផ្លូវជាតិលេខ៥ ឡើងមករាជធានីភ្នំពេញ ហើយបន្តដំណើរតាមផ្លូវជាតិលេខ៤ ឬផ្លូវល្បឿនលឿននោះទេ ប៉ុន្តែ ពួកគាត់អាចធ្វើដំណើរតាមផ្លូវជាតិលេខ១០ ធ្វើដំណើរឆ្លងកាត់ខេត្តកោះកុង ឆ្ពោះតាមផ្លូវជាតិលេខ៤៨ រហូតមកខេត្តព្រះសីហនុតែម្តង។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្រាប់ការដឹកជញ្ជូនក៏ដូចគ្នា គឺខេត្តព្រះសីហនុ និងខេត្តកោះកុង មានកំពង់ផែទឹកជ្រៅ ខណៈបន្តិចទៀត រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ នឹងបើកច្រកអន្តរជាតិស្ទឹងបត់-បានណងអៀន ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងច្រកអន្តរជាតិ នៅខេត្តប៉ៃលិន។ ដូច្នេះទាំងអស់នេះនឹងធានាថាខេត្តពោធិ៍សាត់ បានប្រែក្លាយពីខេត្តដែលគេជិះហួស មកហួស មកជាខេត្តដែលជាកន្លែងដែលមានសក្តានុពលខាងឧស្សាហកម្ម កន្លែងទេសចរណ៍ និងកន្លែងដែលបង្កើតមូលដ្ឋានការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា រាប់សែននាក់ទៅថ្ងៃអនាគត។
ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជានេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់ឱ្យដឹងថា កម្ពុជាបានសិក្សា និងរៀបចំផែនការរួចរាល់ហើយ។ ផែនការអភិវឌ្ឍន៍ផ្លូវដែក នៅកម្ពុជាចែកចេញជាពីរដំណាក់កាលរួមមាន៖ ដំណាក់កាលមធ្យមពីឆ្នាំ២០២៣ ទៅឆ្នាំ២០២៧ និងរយៈពេលវែងពីឆ្នាំ២០២៨ ទៅឆ្នាំ២០៣៣។
បើតាមលោក ប៉េង ពោធិ៍នា ក្នុងរយៈពេលមធ្យមនេះ កម្ពុជាមានគម្រោងអភិវឌ្ឍន៍ផ្លូវដែកចំនួន៣គម្រោង រួមមាន៖ គឺប្រែក្លាយផ្លូវដែកពីរខ្សែបច្ចុប្បន្ន (ភ្នំពេញ-ព្រះសីហនុ, ភ្នំពេញ-ប៉ោយប៉ែត) ឱ្យក្លាយជាផ្លូវដែក អាចបើក បាន ល្បឿនលឿនជាងពេលបច្ចុប្បន្ន ហើយគម្រោងទី២ និងទី៣ គឺការកសាងផ្លូវរថភ្លើងភ្ជាប់ រាជធានី ភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិតេជោ និងតភ្ជាប់ព្រលានយន្តហោះអន្តរជាតិខេត្ត សៀម រាប ទៅកាន់ក្រុងសៀមរាប។
ដោយឡែកសម្រាប់រយៈពេលវែងពីឆ្នាំ២០២៨ ទៅឆ្នាំ២០៣៣វិញ កម្ពុជា មានគម្រោងអភិវឌ្ឍន៍ផ្លូវដែក ចំនួន ៥គម្រោងរួមមាន៖ ការសាងសង់ផ្លូវដែកល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងភ្នំពេញ-ប៉ោយប៉ែត, សាងសង់ផ្លូវដែកល្បឿនលឿនភ្នំពេញ ទៅបាវិត ព្រំដែនវៀតណាម, ភ្នំពេញ ទៅប៉ោយប៉ែត កាត់តាមកំពង់ធំ និងសៀមរាប។
ក្រៅពីគម្រោងសាងសង់ផ្លូវដែកល្បឿនលឿនទាំង៤គម្រោងនេះទៅ កម្ពុជា ក៏នឹងសាងសង់ប្រព័ន្ធផ្លូវដែក ក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួលការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ដែលកំពុងមានកំណើនខ្លាំង៕

អត្ថបទដែលជាប់ទាក់ទង