ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំ ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

22


ភ្នំពេញ ៖ អនុវត្តនូវសារាចរលេខ ០១សរ ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី វិធានការ ទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ” ក៏ដូចជាក្នុងគោលបំណងដើម្បីគ្រប់គ្រងទីតាំងប្រភពបំពុល ខ្យល់ឱ្យបានកាន់តែប្រសើរសំដៅធានាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋព្រមទាំងកែលម្អសោភ័ណភាព នៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់គ្រប់ស្ថាប័នរដ្ឋ និងឯកជន និងសាធារណជន ក្នុងរាជធានីភ្នំពេញ ចូលរួមអនុវត្តនូវវិធានការដូចខាងក្រោម៖
១- ត្រូវចាត់វិធានការទប់ស្កាត់ភ្លើងឆេះព្រៃ និងការដុតវាលស្មៅ ការដុតគល់ជញ្ជាំង ការដុតសំរាម ការដុត សំណល់រឹងនៅតាមទីវាល ទីលានចាក់សំណល់ និងការដ្ឋានសំណង់នៅក្នុងមូលដ្ឋានរបស់ខ្លួន។
២- ត្រូវសហការជាមួយមន្ទីរពាក់ព័ន្ធ ចុះអប់រំណែនាំដល់ម្ចាស់សំណង់ អ្នកទទួលការសាងសង់សំណង់ ម្ចាស់អាជីវកម្មបេតុងលាយស្រេច អាជីវកម្មថ្មសំណង់ ខ្សាច់ ក្រួស ឬបរិក្ខារសំណង់ផ្សេងៗ និង ម្ចាស់អាជីវកម្មដឹកដី អំពីវិធានការទប់ស្កាត់ការហុយធូលី ឬភាគល្អិតនិចលទៅក្នុងខ្យល់ និងការបង្ហូរ សំណល់ផ្សេងៗ ចេញពីទីតាំងប្រភពបំពុលដែលមានជាអាទិ៍ ការដ្ឋានសំណង់ ទីតាំងដឹកជញ្ជូនស៊ីម៉ងត៍ ខ្សាច់ ក្រួស ដី ទីតាំងផលិតបេតុងលាយស្រេច ការដ្ឋានកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងធូលីហុយ នៅតាមដងផ្លូវ
៣- ត្រូវណែនាំដល់ម្ចាស់អាជីវកម្មរថយន្តដឹកដី ខ្សាច់ ក្រួស ថ្មសំណង់ រៀបចំគ្របឱ្យបានត្រឹមត្រូវ ចៀសវាងកំពប់ ឬជ្រុះធ្លាក់តាមដងផ្លូវពេលដឹកជញ្ជូន និងអនុវត្តវិធានការច្បាប់ចំពោះម្ចាស់អាជីវកម្ម ម្ចាស់សំណង់ និងអ្នកទទួលការសាងសង់សំណង់ដែលបានទុកដាក់សម្ភារៈសំណង់ ឬបរិក្ខារសំណង់ ផ្សេងៗដែលជាប្រភពបំពុលខ្យល់ (ខ្សាច់ ក្រួស ថ្ម កម្ទេចកម្ចីអគារ។ល។) រំលោភចំណីថ្នល់ ផ្លូវ សាធារណៈដែលបង្កឱ្យមានគ្រោះថ្នាក់ដល់ការធ្វើដំណើរ និងបង្កការហុយធូលីនៅតាមដងផ្លូវ និង ទីសាធារណៈ
៤- ត្រូវសហការជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ ដាក់វិធានការដល់ម្ចាស់អាជីវកម្ម ដឹកដី ខ្សាច់ ក្រួស ថ្ម សំណង់ ស៊ីម៉ងត៍ ឬបរិក្ខារសំណង់ផ្សេងៗ ត្រូវសម្អាតកម្ទេចកម្ចីដែលកំពប់ ឬជ្រុះធ្លាក់តាមដងផ្លូវ និងលាងសម្អាតផ្លូវដែលខ្លួនបានដឹកជញ្ជូនឱ្យបានស្អាត។ ក្នុងករណីម្ចាស់អាជីវកម្មមិនអនុវត្តទៅ តាមវិធានការដែលបានណែនាំ រដ្ឋបាលខណ្ឌ ត្រូវផ្អាកការធ្វើអាជីវកម្មនេះជាបណ្តោះអាសន្ន
៥- ត្រូវបន្តជំរុញការចុះអប់រំប្រជាពលរដ្ឋ សិស្សានុសិស្សឱ្យចូលរួមទប់ស្កាត់ការដុតវាលស្មៅ ការដុតគល់ ជញ្ជាំង ការដុតសំរាម ការដុតសំណល់រឹងនៅតាមទីវាល ទីលានចាក់សំណល់ និងការដ្ឋានសំណង់ ផ្សេងៗ ដោយធ្វើការសម្អាតជាប្រចាំនៅតាមបរិវេណជុំវិញផ្ទះ សាលារៀន និងដងផ្លូវសាធារណៈជាដើម
៦- មន្ទីរសាធារណៈការនិងដឹកជញ្ជូន រាជធានីភ្នំពេញ ត្រូវពង្រឹងការត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្ត ដោយផ្អែកតាមស្តង់ដានៃការបញ្ចេញសារធាតុបំពុលខ្យល់ ពីយានយន្តដែលបានកំណត់ ដោយសារាចរលេខ ០១សរ ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា
៧- មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍រាជធានីភ្នំពេញ ត្រូវចុះត្រួតពិនិត្យនូវកម្រិត កំណត់ស្តង់ដាស្ពាន់ធ័រដែលមានផ្ទុកក្នុងប្រេងឥន្ធនៈ តាមការកំណត់របស់ក្រសួងនៅតាមទីតាំង ស្ថានីយប្រេងឥន្ធនៈនានាក្នុងរាជធានីភ្នំពេញ
៨- មន្ទីរបរិស្ថានរាជធានីភ្នំពេញ ជាសេនាធិការឱ្យរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការតាមដាន និងត្រួតពិនិត្យ ស្ថានភាពខ្យល់ និងកំហាប់ភាគល្អិតកើតឡើងក្នុងបរិយាកាស ដែលអាចបង្កជាហានិភ័យដល់សុខភាព សាធារណៈ និងគុណភាពបរិស្ថាន ដោយត្រូវជូនដំណឹង និងរាយការណ៍មករដ្ឋបាលរាជធានីភ្នំពេញ ជាប្រចាំ ដើម្បីអន្តរាគមន៍ទប់ស្កាត់ និងចាត់វិធានការឱ្យបានទាន់ពេលវេលា។
ទទួលបានសេចក្តីណែនាំនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បញ្ជាការដ្ឋានយោធភូមិភាគពិសេស គ្រប់រដ្ឋបាលខណ្ឌ សង្កាត់ មន្ទីរ-អង្គភាពជុំវិញរដ្ឋបាល រាជធានីភ្នំពេញ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ សហការ អនុវត្តឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង