ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាល សម្រេចលើកទឹកចិត្តបន្ថែមចំពោះពន្ធលើអចលនទ្រព្យ សម្រាប់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ

22


ភ្នំពេញ៖រាជរដ្ឋាភិបាល បានសម្រេចបន្តផ្តល់ការលើកទឹកចិត្តបន្ថែម សម្រាប់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទទួលបាននៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចបន្តផ្តល់ការលើកទឹកចិត្តបន្ថែម ដោយអនុញ្ញាតលើកលែងពន្ធលើអចលនទ្រព្យដូចមានកំណត់ក្នុង«កម្មវិធី ពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» របស់រាជរដ្ឋាភិបាល ដែលនឹងផុតកំណត់នៅដំណាច់ឆ្នាំ ២០២៥នេះ រហូតដល់ដំណាច់ឆ្នាំ២០២៨ សម្រាប់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុដែលបានសាងសង់ចាប់ ពីឆ្នាំ២០១៦ ទោះបីជាបានឬមិនទាន់បានបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៥ក្តី។ 
ការផ្តល់ជូននេះមានវិសាលភាព គ្របដណ្តប់ចំពោះគម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ ដែលស្ថិតឬមិនស្ថិតក្នុងក្របខ័ណ្ឌនៃ «កម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤»។
ទន្ទឹមនឹងនេះ ចំពោះគម្រោងអគារជាប់គាំងដែលមិនទាន់ទទួល បានការសម្រួលនិងលើកទឹកចិត្តផ្សេងៗទៀត រួមទាំងការលើកទឹកចិត្តផ្នែកពន្ធដារ តាមរយៈ «កម្មវិធីពិសេសជំរុញការ វិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» របស់រាជរដ្ឋាភិបាល ម្ចាស់គម្រោងអាចដាក់ពាក្យស្នើសុំមកកាន់ក្រុមការងារ ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីទទួលបានការសម្រួលនិងការលើកទឹកចិត្តផ្សេងៗទៀតក្រៅពីការលើកលែង ពន្ធលើអចលនទ្រព្យនេះ។ 
ការអនុគ្រោះនេះពុំមានអានុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និង ការប្រាក់) ដែលបានបង់រួចហើយនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង