ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ពូទីន លើកឡើងពីបំណងបញ្ឈប់សង្រ្គាមអ៊ុយក្រែន នៅតាមបណ្ដោយខ្សែបន្ទាត់សមរភូមិសព្វថ្ងៃ

19

ក្រុងឡុងដ៍៖សារព័ត៌មាន Financial Times កាលពីថ្ងៃអង្គារ ទី២២ ខែមេសា បានរាយការណ៍ថាលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន បានលើកឡើងពីបំណងបញ្ឈប់ការឈ្លានពានរបស់រុស្ស៉ី ប្រឆាំងនឹងអ៊ុយក្រែន នៅតាមបណ្ដោយខ្សែបន្ទាត់សមរភូមិសព្វថ្ងៃ ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាព ជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលកំពុងប្រឹងប្រែងបំពេញតាមពាក្យសន្យាបិទបញ្ចប់ សង្រ្គាមអូសបន្លាយពេលជាង៣ឆ្នាំមកនេះ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
តាម Financial Times ដែលបានដកស្រង់សម្ដីពីប្រភពដែលបានដឹងអំពីបញ្ហាខាងលើ លោក ពូទីន បានលើកឡើងពីបំណងបែបនេះអំឡុងជំនួបមួយជាមួយបេសកជនពិសេសអាមេរិក លោក Steve Witkoff ក្នុងទីក្រុង St Petersburg កាលពីដើមខែមេសានេះ។ បន្ថែមពីលើនេះ នៅក្នុងជំនួបនោះ លោក ពូទីន ថែមទាំងបានគូសបញ្ជាក់ទៀតផងថាលោកអាចនឹងទម្លាក់ចោលការទាមទាររបស់ទីក្រុងមូស្គូលើទឹកដីមួយចំនួននៃតំបន់ Donetsk, Luhansk, Kherson និងតំបន់ Zaporizhzhia។ តំបន់ទាំង៤នេះរបស់អ៊ុយក្រែនកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពរុស្ស៉ីមួយផ្នែក មិនទាំងស្រុងនោះទេ។
Financial Times បានឱ្យដឹងថាជាថ្នូរត្រឡប់ទៅវិញ សហរដ្ឋអាមេរិកអាចនឹងយល់ព្រមតាមសំណើធំៗរបស់លោក ពូទីន ក្នុងនោះរួមមានដូចជាការទទួលស្គាល់អធិបតេយ្យរបស់រុស្ស៉ីលើតំបន់គ្រីមៀដែលមូស្គូបាន ក្រសោបយកពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤ ព្រមទាំងរារាំងមិនឱ្យអ៊ុយក្រែនចូលជាសមាជិក NATO ជាដើម។
គួរបញ្ជាក់ថា កន្លងមក អ៊ុយក្រែន និងបណ្ដាប្រទេសជាសម្ព័ន្ធមិត្តក្នុងតំបន់អឺរ៉ុប បានទាមទារឱ្យមានការស្ដារឡើងវិញទាំងស្រុងនូវព្រំដែនរបស់អ៊ុយក្រែននៅមុនឆ្នាំ២០១៤។ តែជំហរបែបនេះត្រូវបានរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ចាត់ទុកថាមិនមានភាពប្រាកដនិយម៕

អត្ថបទដែលជាប់ទាក់ទង