រាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី
ភ្នំពេញ៖រាជធានីភ្នំពេញរបស់ព្រះរាជាណាចក្រកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី។ នេះបើតាមការផ្សាយដោយ VISA2FLY ដកស្រង់ដោយ SEA Infographics ។
ចំណាត់ថ្នាក់នេះ ត្រូវបានចាត់ដោយ VISA2FLY ក្នុងចំណោមរាជធានីនិងទីក្រុងនៃបណ្ដាប្រទេសជុំវិញពិភពលោក ចំនួន១៤ រួមមាន៖លេខ១បានទៅលើទីក្រុងបាងកក ប្រទេសថៃ លេខ២
រាជធានីភ្នំពេញ ប្រទេសកម្ពុជា លេខ៣ទីក្រុងបាលី ប្រទេសឥណ្ឌូនេស៉ី លេខ៤ទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម លេខ៥ទីក្រុងហូជីមីញ ប្រទេសវៀតណាម លេខ៦ទីក្រុងអ៉ីនស្តេនប៊ុល ប្រទេសតួកគី លេខ៧ទីក្រុងឡាស វេហ្កាស សហរដ្ឋអាមេរិក លេខ៨ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់លេខ៩ទីក្រុង អ៉ីប៊ីហ្សា ប្រទេសអេស្ប៉ាញលេខ១០ ទិីក្រុង. ម៉ាយយ៉ាមី សហរដ្ឋអាមេរិក លេខ១១ទីក្រុងតូក្យូ ប្រទេសជប៉ុន លេខ១២ទីក្រុងរីយ៉ូដឺ ហ្សាណេរ៉ូ ប្រទេសប្រេស៉ីល លេខ១៣ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស និងលេខ១៤ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។
រាជធានីភ្នំពេញដែលជាបេះដូងប្រទេសកម្ពុជា ក៏ធ្លាប់បានជាប់ក្នុងចំណាត់ថ្នាក់លេខ៩ នៃគោលដៅទេសចរណ៍ពេញនិយមទាំង១០ នៅលើពិភពលោក សម្រាប់ឆ្នាំ២០២៤ ផងដែរ ខណៈគេហទំព័រឌីជីថលទេសចរណ៍ ឈ្មោះថា Agoda បានផ្តល់ចំណាត់ថ្នាក់លេខ១ ដល់រាជធានីភ្នំពេញ គឺជាទិសដៅចូលឆ្នាំសកល ដែលមានតម្លៃសមរម្យបំផុតនៅអាស៉ី។
បន្ថែមលើនេះបើតាម Tripadvisor រាជធានីភ្នំពេញ ក៏បានជាប់ជាទិសដៅពេញនិយមបំផុតទាំង ២៥ទីក្រុង នៅលើពិភពលោក សម្រាប់ឆ្នាំ២០២៥។
គួរបញ្ជាក់ដែរថា៖ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះផងដែរ រាជធានីភ្នំពេញបានឈ្នះរាជធានី និងទីក្រុងធំៗបំផុតរបស់ពិភពលោក ជាគោលដៅកម្សាន្តពេលរាត្រីដ៏ទាក់ទាញបំផុតទីពីរ ដែលនេះក៏ពាក់ព័ន្ធនឹងការបើកដំណើរការសាកល្បងនៃផ្លូវថ្មើជើង (Walk Street) រៀងរាល់ចុងសប្តាហ៍កន្លងទៅចាប់ពីម៉ោង០៦ល្ងាច ដល់ម៉ោង១១យប់ កាលពីខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ ដែលបាននិងកំពុងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តកាន់តែច្រើនឡើងៗ៕