ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទារកម្នាក់ទម្ងន់ជិត៦គីឡូក្រាមដែលស្រ្តីម្នាក់ ទើបសម្រាលនៅមន្ទីរពេទ្យគន្ធបុប្ផាជួយសង្គ្រោះបានជោគជ័យ

20


ភ្នំពេញ៖មន្ទីរពេទ្យគន្ធបុប្ផា បានប្រកាសពីជោគជ័យជួយសង្គ្រោះស្ត្រីម្នាក់ សម្រាលកូនទម្ងន់រហូតដល់ទៅជិត៦គីឡូក្រាម ដែលជារឿងដ៏កម្រ។
មន្ទីរពេទ្យគន្ធបុប្ផា បានបញ្ជាក់ថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ មន្ទីរពេទ្យគន្ធបុប្ផា បានប្រកាសពីជោគជ័យក្នុងការជួយសង្រ្គោះស្រ្តីម្នាក់ដែលសម្រាលកូនមានទម្ងន់កំណើតលើសប្រក្រតី ៥,៦ គីឡូក្រាម (Macrosomia or Large for gestational age)។
មន្ទីរពេទ្យ បានឱ្យដឹងថា ស្រ្តីជាម្តាយ និងទារក ត្រូវបានក្រុមវេជ្ជបណ្ឌិត ឯកទេសសម្ភព នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬគន្ធបុប្ផាសៀមរាប បានសម្រេចជួយសង្គ្រោះ ដោយធ្វើការវះកាត់ (Cesarean section) បានដោយជោគជ័យនៅវេលាម៉ោង ៩៖៣៨នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។
បច្ចុប្បន្នទារកភេទប្រុសរូបនេះ កំពុងទទួលអន្តរាគមន៍ ពិនិត្យ ព្យាបាល និងថែទាំបន្តដោយវេជ្ជបណ្ឌិតឯកទេសទារក រួចបានបញ្ជូនទៅព្យាបាលបន្តនៅសាលសង្គ្រោះទារក នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧។
ចំណែកស្រ្តីជាម្តាយដែលមានអាយុ ៣៤ឆ្នាំ មានទីលំនៅនៅ ភូមិ២ ឃុំកំពង់ស្វាយ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ មានស្ថានភាពសុខភាពល្អប្រសើរក្រោយការវះកាត់ និងបានទទួលការយកចិត្តទុកដាក់ថែទាំ ពីសំណាក់គិលានុបដ្ឋាក។
ក្រុមវេជ្ជបណ្ឌិតឯកទេសសម្ភព និងទារក នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានពន្យល់ថា ការធ្វើអន្តរាគមន៍វះកាត់សម្រាលនេះ គឺមានគោល បំណង ដើម្បីកាត់បន្ថយនិងទប់ស្កាត់នូវកត្តាហានិភ័យជាច្រើន ដែល អាចកើតមាននៅលើស្រ្តីជាម្តាយ ដូចជាការហូរឈាមច្រើន ក្រោយ សម្រាល ព្រមទាំងកត្តាហានិភ័យដែលអាចកើតមាននៅលើទារក ដូចជាការពិបាកសម្រាល ជាប់ស្មា រឺក្បាល ការរបួសបាក់ឆ្អឹងដង កាំបិត វិបត្តិសរសៃប្រសាទនៃដៃទារកខ្វះជាតិស្ករ វិបត្តិដង្ហើម និងការសន្លប់ (Birth asphyxia) ជាដើម។
សូមជម្រាបជូនថា រាល់ការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា គឺធ្វើឡើង ដោយមិនគិតថ្លៃ ប្រកបដោយវិជ្ជាជីវៈ និងមិនមានការរើស អើងឡើយ។
ការបរិច្ចាគរបស់លោកអ្នកពិត ជាមានតម្លៃណាស់ ក្នុងជួយសង្រ្គោះជីវិត ទារក និងកុមារនៅកម្ពុជា។
សូមចូលរួមបរិច្ចាគតាមរយៈតំណនេះ ៖ https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay

អត្ថបទដែលជាប់ទាក់ទង