សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត និងព្រះសិរីកោសល សុំ សុខា និមន្តនាំយកមូលនិធិទៅជូនគ្រួសាររងគ្រោះដោយរញ្ជួយដី ប្រទេសភូមា
ភ្នំពេញ៖សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងព្រះសិរីកោសល សុំ សុខា ប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី នន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជ សម្ដេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បាននិមន្តនាំយកមូលនិធិទៅជូនគ្រួសាររងគ្រោះដោយឧបទ្ទវហេតុរញ្ជួយដី ប្រទេសភូមា។
គួររំលឹកឡើងថា បន្ទាប់ពីមានគ្រោះរញ្ជួយដីប្រទេសភូមា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ សង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ទាំងបីទីតាំង ពុទ្ធិកសមាគមកម្ពុជរដ្ឋ និងអង្គការពុទ្ធសាសនាដើម្បីអប់រំនៃកម្ពុជា បានផ្តួចផ្តើមគំនិតបង្កើតមូលនិធិជួយជនរងគ្រោះដោយការរញ្ជួយដីប្រទេសភូមានេះឡើង ដោយក្នុងរយៈពេលពីរសប្តាហ៍នេះ ព្រះសង្ឃ ថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទខ្មែរទាំងក្នុង និងក្រៅប្រទេស បានចូលរូមបច្ច័យសរុប ចំនួន ៥ ៧៥០៣ ដុល្លារ។
មូលនិធិជាសទ្ធារួមទាំងនេះ ត្រូវបាននាំយកទៅចែកជូនប្រជាជនភូមា ដែលរងគ្រោះដោយសារការគ្រោះរញ្ជួយដី ប្រមាណ ៨២៧ គ្រួសារ នៅបឹងអិនឡេ រដ្ឋសាន ប្រទេសភូមា ផ្តោតសំខាន់លើការជួសជុលទីជម្រក។ ដំណើរមនុស្សធម៌នេះ រៀបចំដោយមានកិច្ចសហការជាមួយ វិទ្យាស្ថានចិត្តវិទ្យាពុទ្ធសាសនា (Institute Of Buddhist Psychology) ដែលនាំដោយព្រះតេជគុណ បណ្ឌិត ធម្មសាមី។
គណៈគ្រប់គ្រងមូលនិធិជួយជនរងគ្រោះដោយការរញ្ជួយដីនៅប្រទេសភូមា សូមអរព្រះគុណព្រះសង្ឃ និងអរគុណពុទ្ធបរិស័ទខ្មែរ ដែលបានចូលរួមក្នុងមូលនិធិ បង្ហាញពីទឹកចិត្តប្រជាពលរដ្ឋខ្មែរចំពោះសេចក្តីទុក្ខលំបាករបស់ជនជាតិភូមានេះ។ សូមអនុមោទនាចំណែកបុណ្យរួមនេះស្មើៗគ្នា៕