ស្ត្រីជាម្តាយជាង ៦៤ម៉ឺននាក់ និងកូនជាង ៦៦ម៉ឺននាក់ បានទទួលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះមុនពេលសម្រាលកូន និងក្រោយពេលសម្រាលកូន រហូតដល់កូនអាយុ២ឆ្នាំ
ភ្នំពេញ៖ស្ត្រីជាម្តាយជាង៦៤ម៉ឺននាក់ និងកូនជាង ៦៦ម៉ឺននាក់ បានទទួលផលពី កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះមុនពេលសម្រាលកូន និងក្រោយពេលសម្រាលកូន រហូតដល់កូនអាយុ២ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្ដមហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោកបានបញ្ជាក់បែបនេះ ក្នុងពិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ។
ឯកឧត្ដមហេង សួរ បានបញ្ជាក់ថា៖ «គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ បានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រី មានផ្ទៃពោះមុនពេលសម្រាលកូន និងក្រោយពេលសម្រាលកូនរហូតដល់កូនអាយុ ២ឆ្នាំ ចំនួន ១៤លើក ដោយមួយលើក ទទួលបានថវិកាចំនួន៨ម៉ឺនរៀល និងប្រាក់ឧបត្ថម្ភពេលសម្រាល កូនចំនួន ៨០ម៉ឺនរៀលបានចំណាយថវិកាប្រមាណ ៣៣០ពាន់លានរៀល ដោយមានស្ត្រីជាម្តាយចំនួនជាង ៦៤ម៉ឺននាក់ និងកូនជាង ៦៦ម៉ឺននាក់ បានទទួលផលពីកម្មវិធីនេះ»។
កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះមុនពេលសម្រាលកូន និងក្រោយពេលសម្រាលកូន រហូតដល់កូនអាយុ២ឆ្នាំ ត្រូវបានប្រកាសដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កាលពីខែធ្នូ ឆ្នាំ២០១៩។
រហូតដល់ដើមខែសីហា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល នីតិកាលទី៧ បានម្លើងកម្រិតប្រាក់ឧបត្ថម្ភនេះ ដោយពង្រីកកិច្ចគាំពារសង្គមបន្ថែមដល់ស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំមកពីផ្នែកពាក់ព័ន្ធ ក្នុងគោលបំណងលើកកម្ពស់សុខុមាភាពមាតា និងកុមារតូច ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារ ចាប់ពីក្នុងផ្ទៃ រហូតអាយុ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា ទាំងបញ្ញាស្មារតី ក្នុងរយៈពេល ១០០០ថ្ងៃ ដំបូងនៃជីវិត៕