ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូរ៉េខាងជើងទទួលស្គាល់ជាលើកដំបូងពីការបញ្ជូនទ័ពទៅជួយរុស្ស៉ី ក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន

19

ក្រុងសេអ៊ូល៖កូរ៉េខាងជើង បានទទួលស្គាល់ជាលើកដំបូងថាខ្លួនពិតជាបានបញ្ជូនកងទ័ពទៅជួយរុស្ស៉ី ក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃចន្ទ ទី២៨ ខែមេសាថា ទាហានរបស់ទីក្រុងព្យុងយ៉ាង បានជួយដល់ទីក្រុងមូស្គូ ក្នុងការវាយដណ្ដើមយកទឹកដីដែលសិ្ថតនៅក្រោមការគ្រប់គ្រងរបស់ទាហានអ៊ុយក្រែន នៅក្នុងតំបន់ Kursk ត្រឡប់មកវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។
ការទទួលស្គាល់របស់កូរ៉េខាងជើង កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរុស្ស៉ីបានទទួលស្គាល់ដែរពីការចូលរួមរបស់កូរ៉េខាងជើងក្នុងសង្រ្គាមអ៊ុយក្រែន ដែលត្រូវបានចារកម្មកូរ៉េខាងត្បូង និងលោកខាងលិច បានរាយការណ៍ជាយូរមកហើយថាទីក្រុងព្យុងយ៉ាង បានបញ្ជូនទាហានជាង ១០ ០០០នាក់ ទៅជួយជាកម្លាំងដល់កងទ័ពរុស្ស៉ីនៅក្នុងតំបន់ Kursk កាលពីឆ្នាំមុន។ KCNA ក្នុងសេចក្ដីរាយការណ៍មួយបានបញ្ជាក់ ដូច្នេះថា «អង្គភាពចំណុះនៃកងកម្លាំងប្រដាប់អាវុធរបស់យើងបានចូលរួមនៅក្នុងប្រតិបត្តិការជាច្រើន ដើម្បីជួយរំដោះតំបន់ Kursk ស្របទៅតាមបទបញ្ជារបស់ប្រមុខរដ្ឋនៃសាធារណប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង ឬ DPRK)»។
KCNA បន្ថែមថាការសម្រេចចិត្តរបស់លោក គីម ជុងអ៊ុន ក្នុងការដាក់ពង្រាយកងទ័ពទៅជួយរុស្ស៉ី គឺធ្វើឡើងអនុលោមតាមសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក។
គួរបញ្ជាក់ថា លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ បានប្រកាសពីជោគជ័យក្នុងការវាយបណ្ដេញកងទ័ពអ៊ុយក្រែនចេញពីតំបន់ Kursk ទាំងស្រុង។ ប៉ុន្តែ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងថាកងទ័ពអ៊ុយក្រែននៅតែបន្តប្រយុទ្ធក្នុងតំបន់ Kursk នៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង