សម្ដេចបវរធិបតីណែនាំដល់មន្ត្រីមូលដ្ឋាន កុំឱ្យដាក់គោលដៅស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួន ត្រូវដាក់គោលដៅបម្រើប្រយោជន៍ជូនប្រជាជន
ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់មន្ត្រីអាជ្ញាធរមូមូលដ្ឋាន កុំឱ្យដាក់គោលដៅ ស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ប៉ុន្តែត្រូវដាក់គោលដៅ បម្រើផលប្រយោជន៍ជូនប្រជាជន ដោយខិតខំ ផ្ដល់សេវាសាធារណៈ ឲ្យបានល្អ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ក្នុងឱកាសដែលសម្ដេចអញ្ជើញសម្ពោធផ្លូវជាតិ៣ខ្សែ តម្លៃ១៨៨លានដុល្លារ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ដែលផ្លូវជាតិចំនួន៣ខ្សែទៀត គឺផ្លូវជាតិលេខ៤១ ៣១ និង៣៣ តភ្ជាប់រាជធានីភ្នំពេញ និងខេត្តផ្សេងៗទៀតទៅកាន់ខេត្តជាប់សមុទ្រនាភាគនិរតីនៃប្រទេស។
សម្ដេចបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «សូមកុំនិយាយថា តើវាទាញអ្វីឲ្យខ្ញុំ ត្រូវដូរនិយមន័យ ពីខ្ញុំទៅជាខេត្តខ្ញុំ កុំឃើញគេ(វិនិយោគគិន)មក ថាតើខ្ញុំបានអីផ្ទាល់ខ្លួន តែត្រូវគិតថា តើខេត្តខ្ញុំ ប្រជាជនរបស់ខ្ញុំនៅក្នុងភូមិ/ឃុំនេះ បានអី ឱ្យច្រើច្រើន យើងដាក់ទិសដៅនេះបម្រើសេវាបានល្អ»។
សម្ដេច បានមានប្រសាសន៍បន្តថាថា ប្រសិនបើមូលដ្ឋានរបស់យើងបានរីកចម្រើនហើយនោះ ខ្លួនយើយើង គ្រួសារយើងក៏នឹងទទួលបានផលប្រយោជន៍ដូចគ្នា។ ប៉ុន្តែបើសិនជាមន្ត្រី គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ដោយដាក់គោលដៅទាញយកប្រយោជន៍ផ្ទាល់ខ្លួនមុននោះ វិនិយោគិននឹងរត់អស់ ហើយខាតប្រយោជន៍ទាំងអស់គ្នា។
សម្ដេចជំរុញឲ្យមន្ត្រីមូលដ្ឋានខិតខំផ្ដល់សេវាសាធារណៈឲ្យបានល្អ ដែលវធីនេះនឹងធ្វើឲ្យមូលដ្ឋានរីកចម្រើន។ សម្ដេចក៏ជំរុញផងដែរ ឲ្យបណ្ដាលមូលដ្ឋានទាំងអស់មានការប្រកួតប្រជែងគ្នា ក្នុងការផ្ដល់សេវាសាធារណៈឲ្យបានល្អ។ សម្ដេចបានបញ្ជាក់ថា សុខចិត្តយកលេខចុងប៉ូច នៃក្រុមដែលឈ្នះ ប្រសើរជាងលេខ១ នៃក្រុមចាញ់។
សម្ដេចបានបន្ថែមថា «សុខចិត្តជាខេខេត្តមួយដែលមានវិនិយោគិនច្រើនជាងគេបំផុត ទោះបីជាស្ថាប័នខ្លួនទទួលបានពាក្យលាភតិច ជាងមន្ទីរនេះមន្ទីរនោះ ឬមួយការិយាល័យនេះនោះក៏ដោយ ប៉ុន្តែបើខេត្តរបស់យើង មានកំណើនច្រើន ចំណូលរួមយើងនឹងបានហើយ»។
សម្ដេចបានបញ្ជាក់បន្ថែមថា ការផ្ដល់សេវាផ្ទាល់ដល់ប្រជាពលរដ្ឋ គឺជាកត្តាគន្លឹះសំខាន់ក្នុងការទាក់ទាញវិនិយោគិន ទោះបីជា រាជរដ្ឋាភិបាលទាញគោលនយោបាយវិនិយោគបានល្អយ៉ាងណាក៏ដោយ ចង់តម្រង់ទិសទៅខេត្តតាមរយៈការធ្វើផ្លូវក៏ដោយ ប៉ុន្តែបើគេទៅទទួលបានសេវាពិបាក គេនឹងទៅខេត្តផ្សេងដែលមានសេវាងាយស្រួលជាង។ សម្តេចបន្តទៀតថា បើសិនជាណាត់ជួបចៅហ្វាយខេត្តបីថ្ងៃហើយមិនបានជួប គេនឹងទៅខេត្តផ្សេងទៀតដែលចៅហ្វាយខេត្តមកជួបគេដល់កន្លែង។
សម្ដេចបវរធិបតីក៏បានបញ្ជាក់បន្ថែមដែរថា ប្រសិនបើការធ្វើប្លង់ដី រយៈពេលបីខែហើយមិនបាន វិនិយោគិនច្បាស់ជាមិនទៅវិនិយោគក្នុងស្រុកឬខេត្តនោះឡើយ គេច្បាស់ជាទៅរករកស្រុក ឬខេត្តដែលចេញប្លង់ឲ្យគេបានលឿន ហើយគេនឹងហៅគ្នីគ្នារបស់គេមកវិនិយោគបន្ថែមនៅខេត្តនោះថែមទៀត។
សម្ដេចបានបញ្ជាក់ទៀតថា សម្រាប់អាជ្ញាធរមូលដ្ឋាន នៅពេលដែលខេត្តរបស់ខ្លួនរីកចម្រើន នោះចៅហ្វាយខេត្ត អាជ្ញាធរមូលដ្ឋាននោះ នៅពេលទៅកាន់កន្លែងណាមួយ ក៏ទទួលបានកិត្តិយសដូចគ្នា។ មេដឹកនាំប្រទេសក៏ដូចគ្នាដែរ បើប្រទេសរីកចម្រើន មានសុខសុវត្ថិភាព ពេលចេញទៅក្រៅប្រទេស គាត់ទទួលបានកិត្តិយសដូចគ្នា៕