ដោយសារបែកថ្នាំញៀន ដុតផ្ទះខ្លួនឯងឆេះខ្ទេច សមត្ថកិច្ច ឃាត់ខ្លួន
ពោធិ៍សាត៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនបុរសម្នាក់ដែលដុតផ្ទះខ្លួនឯងដោយសារបែកថ្នាំញៀន នៅវេលាម៉ោង១១ព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីទទួលពាក្យបណ្តឹងពីម្តាយ។
សមត្ថកិច្ចបាននិយាយថា អ្នកស្រី ឆាំ រឿន អាយុ៥១ឆ្នាំ រស់នៅចំណុចតក់ឡក់ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង បានប្តឹងសមត្ថកិច្ចថា កូនប្រុសបង្កើតរបស់គាត់ឈ្មោះពុំ ហៀន អាយុ ២៩ឆ្នាំ បានដុតបំផ្លាញផ្ទះរបស់ខ្លួនបណ្តាលឲ្យឆេះខ្ទេចមួយផ្នែកក្រោយ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨។
សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានឲ្យដឹងថា ក្រោយបានឃាត់ខ្លួនជនសង្ស័យរួចមក សមត្ថកិច្ចក៏បានត្រួតពិនិត្យក្បែរមាត់អូរខាងក្រោយផ្ទះរបស់ជនសង្ស័យ បានរកឃើញសម្ភារៈសម្រាប់ជក់ថ្នាំញៀននិងបានធ្វើតេស្តទឹកនោម ស្វែងរកសារធាតុញៀន ជាលទ្ធផលឃើញ វិជ្ជមាន។
សមត្ថកិច្ច នគរបាលបានបន្តថា ជនសង្ស័យនេះ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីកសាងសំណុំរឿង និងបញ្ជូនទៅកាន់តុលាការ៕