កម្ពុជា ឡាវ វៀតណាម រួមគ្នាប្រឆាំងគ្រឿងញៀនខុសច្បាប់
វៀងចន្ទន៍៖ កម្ពុជា ឡាវ វៀតណាម បើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីត្រីភាគីទ្វេភាគីលើកទី១៧ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីលោក ឧត្តមសេនីយ៍បណ្ឌិត សុំវ៉ាង ថាំម៉ាសិទ្ធិ អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ និងជាស្នងការត្រួតពិនិត្យ និងគ្រប់គ្រងគ្រឿងញៀន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយមានការអញ្ជើញចូលរួមពីភាគីកម្ពុជាដឹកនាំដោយលោក នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងភាគីវៀតណាមដឹកនាំដោយលោក ឧត្តមសេនីយ៍ឯកឡេ គុយវឿង អនុរដ្ឋមន្ត្រីនៃក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
កិច្ចប្រជុំនេះដែរ រៀបចំឡើងដើម្បីត្រួតពិនិត្យលើការអនុវតាមកំណត់ហេតុនៃកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីត្រីភាគីទ្វេភាគី កម្ពុជា ឡាវ វៀតណាម លើកទី១៦ ដែលបានរៀបចំឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
ក្នុងកិច្ចប្រជុំនេះដែរ យើងក៏បានផ្តោតការយកចិត្តទុកដាក់ទៅលើផែនការគោលដៅរបស់អាស៊ាន ប្រឆាំងគ្រឿងញៀនខុសច្បាប់(ឆ្នាំ២០១៦ ២០២៥)និងបង្ហាញពីច្ឆន្ទៈនយោបាយដ៏រឹងមាំក្នុងចំណោមប្រទេសយើងទាំងបីឆ្លើយតបទៅនឹងការងារប្រយុទ្ធប្រឆាំងការរីករាលដាលនៃការប្រើបំពានគ្រឿងញៀននិងសារធាតុគីមីផ្សំដោយឯកភាពគ្នាក្នុងការធ្វើសហប្រតិបត្តិការក្របខណ្ឌទ្វេភាគីនិងពហុភាគីទាំងនៅក្នុងតំបន់និងអង្គការអន្តរជាតិជាបិសេសកិច្ចសហប្រតិបត្តិការនៅតាមបណ្តោយព្រំដែន នៃប្រទេសយើងទាំងបីពង្រឹងគុណភាព និងប្រសិទ្ធភាពក្នុងការផ្លាស់ប្តូរព័ត៌មាន និងទប់ស្កាត់បង្ក្រាបបទល្មើសឆ្លងកាត់ព្រំដែន។
កិច្ចប្រជុំក៏បានសង្កត់ធ្ងន់ពីតម្រូវការនៃកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីអនុវត្តអនុស្សារណនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនឆ្នាំ១៩៩៣ ដើម្បីអនុវត្តន៍ផែនការសកម្មភាពអនុតំបន់ទី១០ ដែលបានអនុម័តក្នុងកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ និងរដ្ឋមន្ត្រីដែលយើងជាប្រទេសសមាជិកហត្ថលេខីនៃកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនរៀបចំឡើងនៅទីក្រុងភ្នំពេញកាលពីខែឧសភា ឆ្នាំ២០១៧ ដែលសង្កត់ធ្ងន់ទៅលើបញ្ហាគ្រឿងញៀននិងសុខភាព កិច្ចសហប្រតិបត្តិការវិធានការច្បាប់តាមវិស័យតុលាការ និងការអភិ វឌ្ឍន៍ប្រកបដោយចិរភាព។
សូមបញ្ចាក់ថាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីត្រីភាគីទ្វេភាគីកម្ពុជា ឡាវ វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនលើកទី១៨ នឹងរៀបចំនៅប្រទេសវៀតណាមនាឆ្នាំ២០១៩ ៕