ការប្រារព្ធពិធីបុណ្យសមុទ្រជារៀងរាល់ឆ្នាំ ជាកាលានុវត្តភាពដ៏ប្រសើរ សម្រាប់កម្ពុជា ក្នុងការធ្វើឲ្យសមុទ្រកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចេញសារលិខិតអបអរសាទរពិធីបុណ្យសមុទ្រឆ្នាំ២០១៨ ក្រោមប្រធានបទ ឆ្នេរស្អាត ពលរដ្ឋរមណីយ ដោយអមពាក្យស្លោកថា អេកូទេសចរណ៍សម្រាប់កំណើតបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្ដរភាព ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តកោះកុង។
បើយោងតាមសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី៧ ខែធ្នូនេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់ប្រារព្ធពិធីបុណ្យសមុទ្រ ដែលមិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃខេត្តតំបន់ឆ្នេរសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានិងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។
តំបន់ឆ្នេរកម្ពុជា បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ជាប៉ូលសេដ្ឋកិច្ចក្នុងការទាក់ទាញ ការវិនិយោគសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងត្រូវបានចាត់ទុកថាជាគោលដៅទេសចរន៍ដ៏មានភាពទាក់ទាញ និងប្រកបដោយភាពប្រកួតប្រជែងខ្ពស់ នៅកម្ពុជា និងក្នុងតំបន់ ដោយតំបន់កោះមួយចំនួន ក៏កំពុងធ្វើការអភិវឌ្ឍឲ្យក្លាយទៅជារមណីយដ្ឋានទេសចរណ៍ ដែលមានផលិតផល និងសេវាកម្មកម្រិតស្តង់ដារអន្តរជាតិ គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែបទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។ ក្នុងន័យនេះយើងចាំចាប់ត្រូវរួបរួមគ្នា រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ក្នុងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ឲ្យមាននិរន្តរភាព បរិយាប័ន្ន ប្រកបដោយការទទួលខុសត្រូវលើគ្រប់វិស័យសេដ្ឋកិច្ច សង្គម ស័ក្តិសមជា ឆ្នេរសមុទ្រកម្ពុជា ៖ តារារះនាទិសនិរតី។
សម្តេចនាយករដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថា ការប្រារព្ធពិធីបុណ្យសមុទ្រជារៀងរាល់ឆ្នាំ គឺជាកាលានុវត្តភាពដ៏ប្រសើរ សម្រាប់កម្ពុជា ក្នុងការធ្វើឲ្យសមុទ្រកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ដែលជាកត្តាចូលរួមចំណែកក្នុងការផ្តល់ចំណូលដោយផ្ទាល់ ការបង្កើនការងារ ការចូលរួមកាត់បន្ថយភាពក្រីក្រ និងការការពារបរិស្ថាន ធនធានធម្មជាតិ ជូនដល់ប្រជាពលរដ្ឋក្នុងតំបន់ឆ្នេរ ពិសេសចូលរួមចំណែកធ្វើឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ព្រមទាំងបង្កើនស្មារតីស្រឡាញ់ជាតិមាតុភូមិ សាមគ្គីភាព និងមិត្តភាពផងដែរ៕