ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានពិភាក្សាសួរដេញដោលអំពីបញ្ហា វិបត្តិដីធ្លីយ៉ាងរាំរ៉ៃ នៅកម្ពុជា
ភ្នំពេញ៖ ប្រធានគណបក្សខ្មែរក្រោក ជាប្រធានប្ដូរវេននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានពិភាក្សាសួរដេញដោលពិភាក្សាអំពីបញ្ហា វិបត្តិដីធ្លីយ៉ាងរាំរ៉ៃ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាច្រើនករណីដែលសុទ្ធសឹងតែមានទំនាស់ជាមួយឧកញ៉ាគ្រាក់ៗនៅស្រុកខ្មែរ ហើយករណីដែលបានលើកឡើង ត្រូវបាន លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានផ្តល់ចម្លើយឯកភាព សន្យា និងពិចារណា ថានឹងដោះស្រាយ ហើយក៏មានករណីមួយចំនួនក៏ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ពុំបានផ្ដល់ចម្លើយភ្លាមៗ។
តាមរយៈផេកហ្វេសប៊ុករបស់ William Guangzhou កាលពីថ្ងៃទី៧ខែធ្នូឆ្នាំ២០១៨ បានសរសេរថា កាលពីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បានបើកកិច្ចប្រជុំពិសេសមួយដែលដឹកនាំអង្គប្រជុំដោយ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក ជាប្រធានប្ដូរវេន ជាមួយប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដើម្បីដេញដោលពិភាក្សាអំពីបញ្ហា វិបត្តិដីធ្លីយ៉ាងរាំរ៉ៃ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក បានបញ្ជាក់ថា “ក្នុងកិច្ចប្រជុំនេះ ខ្ញុំបាទជាប្រធានប្ដូរវេន នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានពាំនាំប្រធានបទធំៗចំនួន៧ ករណីយកទៅពិភាក្សាដេញដោល និងទទួលបានលទ្ធផលដូចខាងក្រោម៖
១ ខ្ញុំបានដាក់សំណើឲ្យ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា កុំចេញប្លង់កម្មសិទ្ធិទទួលស្គាល់ចំពោះជនណាលួចដីរដ្ឋ ជាក់ស្ដែងបញ្ហាលោក លោក ស៊ីវ គង់ទ្រីវ លី យ៉ុងផាត់ និងលោកយន្ត មីន ឃុបឃិតគ្នាយកដីរដ្ឋនៅភូមិ ចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ក្រុងព្រះសីហនុ
បញ្ហានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានឯកភាព និងសន្យាថា និងទប់ស្កាត់មិនឲ្យមានការចេញប្លង់កម្មសិទ្ធិឲ្យ ឧកញ៉ា លី យ៉ុង ផាត់ឡើយ ដោយលោកលើកឡើងថា នេះជាអំពើខុសច្បាប់
២ ខ្ញុំបានទាមទារឲ្យ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានវិធានការដាក់ទោសចំពោះ លោកស្រី ជីង សុភាព ដែលបានចាក់ដីលុបចូលសមុទ្រ នៅព្រែកត្រែង បញ្ហានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ពុំទាន់បានផ្ដល់ចម្លើយទេ ដោយលោករង់ចាំអោយភាគីជីង សុភាព កាយដីដែលសេសសល់ចេញឲ្យអស់សិន
៣ ខ្ញុំបានស្នើសូម ឲ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី ពិនិត្យចំពោះករណី លោក យន្ត មីន ចេញលិខិតអោយមន្ទីររៀបចំដែនដីទាមទារប្រាក់៤ដុល្លារ លើដីមួយមែត្រការ៉េ ក្នុងការចេញប្លង់កម្មសិទ្ធិនៅតំបន់ដី នៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បញ្ហានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីថា ក្រសួងពុំមានគោលការណ៍ឲ្យយកប្រាក់បែបនេះទេ
៤ ខ្ញុំបានស្នើសូម ឲ្យឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ពន្លឿននីតិវិធីដោះស្រាយបញ្ហា ដែលឧកញ៉ា ង៉ោស្រ៊ុន រំលោភផ្លូវ៣ខ្សែប៉ះពាល់ពលរដ្ឋ និងរំលោភដីពលរដ្ឋ នៅឃុំ កណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បញ្ហានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នឹងពិនិត្យមើលហើយធានា ដោះស្រាយឲ្យបានជោគជ័យ
៥ ខ្ញុំបានស្នើសូម ឲ្យឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ពន្លឿននីតិវិធី ដោះស្រាយ វិវាទដីធ្លីរវាងពលរដ្ឋនិងទាហាន នៅតំបន់ត្រាំនាគ ខេត្តសៀមរាប ដែលទាហានរំលោភយកដីពលរដ្ឋយ៉ាងរាំរ៉ៃ បញ្ហានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងពិនិត្យមើលបញ្ហាដ៏ស្មុគស្មាញនេះ
៦ ខ្ញុំបានស្នើសូម ឲ្យឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បង្កើតយន្តការសិក្សាផលប៉ះពាល់ចរាចរណ៍ មុនផ្ដល់លិខិតអនុញ្ញាតឲ្យសាងសង់សំណង់អគារនានា បញ្ហានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្ដេជ្ញា និងឯកភាពទាំងស្រុង
៧ ខ្ញុំបានស្នើសូម ឲ្យឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ពិនិត្យចំពោះករណី រដ្ឋលេខាធិកា កើត សារ៉េត រំលោភលើដី យោធិនពិការ នៅព្រែកព្នៅ រាជធានីភ្នំពេញ បញ្ហានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ពុំបានផ្ដល់ចម្លើយភ្លាមៗទេ ដោយសារដល់ម៉ោងបញ្ចប់។ គូសបញ្ជាក់ថា នៅមានបញ្ហាសេសសល់ទៀត ដែលមិនទាន់បានលើកដេញដោល ដោយសារកិច្ចប្រជុំ ត្រូវបានបញ្ចប់ តែសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ពីគណបក្សខ្មែរក្រោក និងបន្តជំរុញនីតិវិធី តាមលិខិតរដ្ឋបាល ដើម្បីជម្រាបជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបន្ថែមទៀត ដើម្បីធានាឲ្យបានក្នុងបេសកកម្មបម្រើ ការពារ ប្រយោជន៍ជូនពលរដ្ឋដែលរងគ្រោះ “៕