ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិ​ចិន​បើក​រថយន្ត​ស៊េរី​ទំនើប​ បុក​ទ្រូង​ផ្លូវ​បាក់​អស់​បី​កង់ ​មិន​ព្រម​ឈប់បើករត់រហូត​​មកបុក​បង្គោល​ភ្លើង បណ្ដាល​ឲ្យ​រថយន្ត​ដាច់​កង់​ទៅ​មុខ​លែង​រួច​

99

ភ្នំពេញ​ ៖​ ជនជាតិ​ចិន​ម្នាក់បើក​រថយន្ត​ស៊េរី​ទំនើប​បុក​ទ្រូង​ផ្លូវ​បាក់​អស់​បី​កង់ ​ហើយបើករត់ទៅបុក​បង្គោល​ភ្លើង បណ្ដាល​ឲ្យ​រថយន្ត​ដាច់​កង់​ទៅ​មុខ​លែង​រួច​ កាល​ពី​វេលា​ម៉ោង​​១១យប់​ថ្ងៃ​ទី​០៧ ខែ​ធ្នូ​ ឆ្នាំ​២០១៨ ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣៧១ សង្កាត់​ទឹក​ថ្លា​ខណ្ឌ​សែន​សុខ ​ក្រុងភ្នំពេញ​។

ប្រ​ភព​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ស៊េរី​ទំនើប​ មួយ​គ្រឿង​ម៉ាក​ Ford Ranger ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AW-9696​ បើកបរ​ដោយ​ជនជាតិ​ចិន​ បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៣០ម៉ែត្រ ​ជិត​នឹង​ក្រសួង​កិច្ចការ​នារី ​ស្រាប់​តែ​រថយន្ត​ខាង​លើ​បាន​បើក​បុក​ទ្រូង​ផ្លូវ​បាក់​អស់​ចំនួន​បី​កង់ ​ហើយ​មិន​ព្រម​ឈប់​ បើក​រត់​គេច​រហូត​មកដល់​ចំណុច​ផ្លូវ​៣៧១ មុខ​ផ្ទះ​លេខ​៤៨ ស្រាប់​តែ​រថយន្ត​ខាង​លើ​បាន​បុក​ចំ​បង្គោល​ភ្លើង​ពេញ​មួយ​ទំហឹង ​បណ្ដាល​ឲ្យ​រថយន្ត​ដាច់​កង់​ខាង​មុខ​ ទៅ​មុខ​លែង​រួច​។ ភ្លាមៗ​នោះ​ដែរ​អ្នក​បើកបរ​រថយន្ត​បង្ក​ខាង​លើ​ បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល ​តែ​ម្តង​ដោយ​បន្សល់​ទុក​តែ​រថយន្ត ​ដែល​រង​ការ​ខូចខាត​នៅ​នឹង​កន្លែង​តែ​ប៉ុណ្ណោះ​។

ក្រោយពេលកើតហេតុរថយន្តបង្កខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការស្ទូចយកទៅ​រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមក ដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង