កូឡុំប៊ី ឈ្នះប៉ូឡូញ ៣-០ រកបាន៣ពិន្ទុដំបូងនៅ World Cup 2018
ម៉ូស្គូ៖ ក្រុមបាល់ទាត់ជម្រើសជាតិមកពីតំបន់អាមេរិកឡាទីន កូឡុំប៊ី រកបាន ៣ពិន្ទុនៅព្រឹត្តិការណ៍ FIFA World Cup 2018 ក្រោយបំបាក់ប៉ូឡូញ ៣-០ ។ អ្នកទស្សនាផ្ទាល់ប្រមាណ ៤២៨៧៣នាក់ ក្នុងកីឡដ្ឋាន Kazan Arena ស្ថិតក្នុងទីក្រុង Kazan នៃប្រទេសរុស្ស៊ី។
គ្រាប់ដំបូងរបស់ កូឡុំប៊ី បានធ្វើឡើងក្នុងតង់ទី១ ដោយកីឡាករខ្សែការពារ លេខ៣ យើរី មីណា ក្នុងនាទីទី៤០ ។ ចូលដល់តង់ទី២ កីឡាកររបស់កូឡុំប៊ី ខ្សែការពារលេខ៩ រ៉ាដាមែល ហ្គាលខាវ រកបានមួយគ្រាប់ទៀត នៅនាទីទី៧០ ហើយក្នុងនាទីទី៧៥ កីឡាករខ្សែបម្រើ លេខ១១ Juan Cuadrado បានស៊ុតបំប៉ោងសំណាញ់ ប៉ូឡូញ ធ្វើឲ្យបញ្ចប់ការប្រកួត ក្នុងលទ្ធផល ៣ទល់០។
៣ពិន្ទុដំបូងក្នុងចំណោម ២ប្រកួតក្នុងវគ្គសន្សំពិន្ទុនៃពូល H បានធ្វើឲ្យកូឡុំប៊ី មានសង្ឃឹមឡើងវិញ ក្នុងការប្រជែងកៅអីទៅវគ្គ១៦ក្រុមចុងក្រោយ ជាមួយជប៉ុន និងសេណេហ្គាល់ មាន៤ពិន្ទុស្នើគ្នាឈរនៅកំពូល នៃពូល H ។ ពូល H មិនទាន់មានក្រុមណាមួយ កក់កៅអីទៅវគ្គ១៦ក្រុមនោះទេ គឺកំពុងស្ថិតភាពប្រទង់ប្រទាញគ្នា មួយប្រកួតចុងក្រោយ ដើម្បីកាត់សេចក្តី ប៉ុន្តែក្រុមប៉ូឡូញ គឺហាលអាវហើយ៕