អគ្គីភ័យឆេះបំផ្លាញបន្ទប់ឈើប្រកស័ង្កសី នៅលើដំបូលផ្ទះល្វែងមួយល្វែងម៉ត់ ខណៈម្ចាស់មិនស្នាក់នៅ
ភ្នំពេញៈ បន្ទប់ធ្វើពីឈើប្រកស័ង្កសី នៅខាងលើដំបូលផ្ទះល្វែងមួយល្វែង ដែលម្ចាស់បានចាក់សោរចោល ត្រូវបានអគ្គិភ័យលេបត្របាក់អស់កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះលេខ៣៧H ផ្លូវលំ ជាប់ខាងក្រោយរបងវិទ្យាល័យឥន្ទ្រទេវី ស្ថិតក្នុងភូមិ៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
ប្រភពព័ត៌មានពីពលរដ្ឋ រស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា ផ្ទះកើតហេតុខាងលើ គឺបានចាក់សោរទុកចោល ដោយមិនមានអ្នកនៅនោះទេ ព្រោះម្ចាស់ផ្ទះពីមុនបានលក់ផ្ទះខាងលើឲ្យទៅគេ ហើយនៅមុនពេលកើតហេតុនេះ គេបានឃើញស្ត្រីម្នាក់ ត្រូវជាកូនស្រីរបស់អតីតម្ចាស់ផ្ទះ បានឡើងតាមជណ្ដើរនៅចំហៀងផ្ទះចូលទៅសម្រាកនៅក្នុងបន្ទប់ឈើប្រកស័ង្កសី ទំហំប្រមាណ២ម៉ែត្រគុណនិង៥ម៉ែត្រនោះ ហើយក្រោយមកប្រមាណមួយម៉ោងស្ត្រីខាងលើនោះ បានដើរចុះមកចេញពីកន្លែងកើតហេតុបាត់ទៅ។ លុះដល់វេលាកើតហេតុក៏ស្រាប់តែមានធំក្លិនឈ្ងៀមនឹងមានផ្សែងចេញពីបន្ទប់ដែលនៅខាងលើដំបូលផ្ទះកើតហេតុខាងលើ និងមានជាអណ្ដាតភ្លើងឆេះចេញមក បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រស់នៅក្បែរនោះនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់អស់៤ទៅ៥បំពង់ តែមិនអាចគ្រប់គ្រងស្ថានការណ៍បាននោះទេ។ ភ្លាមនោះប្រជាពលរដ្ឋក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាននិងរថយន្តពន្លត់អគ្គិភ័យឲ្យចុះមកជួយអន្តរាគមន៍ ដោយក្នុងនោះមានទាំងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញមកចំនួន៥គ្រឿងនិងបានធ្វើការបាញ់ទឹកពន្លត់អស់ចំនួនបីគ្រឿង ទើបភ្លើងបានរលត់ទៅវិញជាស្ថាពរ។
បើតាមប្រភពសមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គិភ័យ គឺមិនបង្កឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះ គឺឆេះតែបន្ទប់ខាងលើរងការទាំងស្រុង ហើយក្នុងករណីនេះជំហានដំបូងសមត្ថកិច្ចសណ្ឋានថាគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕