ផ្សាររាត្រីកុងតឺន័រក្បែរស្ថានទូតរុស្ស៊ី ត្រូវបិទជាស្ថាពរ ស្របពេលតម្លៃដី ឡើងថ្លៃដូចមាស
ភ្នំពេញ៖ ផ្សាររាត្រីកុងតឺន័រ (Jet’s Container Night Market)នៅទីក្រុងភ្នំពេញ ក្បែរស្ថានទូតរុស្ស៊ី ត្រូវបានទីបំផុតត្រូវបានបិទ
ជាស្ថាពរ និងត្រូវបានរុះរើសម្ភារចេញអស់ទៅហើយបើគិតត្រឹមថ្ងៃទី១១ខែធ្នូនេះ។ ចំណែកក្រុមយុវជនដែលតែងតែណាត់គ្នា មកជួបក្នុងផ្សារនេះ បានសម្តែងការសោកស្តាយ ព្រោះទើបតែបើកថ្មី ហើយកំពុងមានការពេញនិយម ក៏ត្រូវបិទទាំងបង្ខំបែបនេះ។
ទីតាំងផ្សាររាត្រីកុងតឺន័រ Jet’s Container Night Market មានទំហំជិត ២ ហិកតា ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប របស់លោក
គិត ម៉េង ហើយត្រូវបានក្រុមហ៊ុន Jet Group របស់លោកឧកញ៉ា ស្រី ចាន់ថន ជួលយកមកបើកជាផ្សាររាត្រី Jet’s Container
Night Market។ Jet’s Container Night Market គឺជាផ្សាររាត្រីកុងតឺន័រធំជាងគេក្នុងរាជធានីភ្នំពេញ ដែលបានបើកដំណើរការកាលពីជាង ២ ឆ្នាំមុន ដោយមានហាងលក់ម្ហូបអាហារ ភេសជ្ជៈ និងវត្ថុអនុស្សាវរីយ៍ ចន្លោះពី ២០០-៣០០ ហាងតូប។
មូលហេតុដែលផ្សាររាត្រី កុងតឺន័រ Jet’s Container Night Market ត្រូវបិទនោះ ដោយសារតែកិច្ចសន្យាជួលដីត្រូវអស់ ស្របពេល
ម្ចាស់ដីដំឡើងថ្លៃ និងមានបញ្ហាក្នុងការសុំច្បាប់មួយចំនួននោះ ក្រុមហ៊ុនក៏បានសម្រេចបិទ និងម្យ៉ាងទៀតមានការប្តឹងពីស្ថានទូតរុស្ស៊ី ដែលបង្កការរំខាន និងសំឡេងខ្លាំងៗ ប៉ះពាល់ដល់ស្ថានទូត។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គេឃើញមានក្រុមកម្មករ រថយន្តដឹកទំនិញ និងរថយន្តស្ទូចកំពុងធ្វើការរុះរើទីតាំងខាងលើ។
ក្រុមយុវជនដែលចូលចិត្តទៅពិសាអាហារនិងផឹកស៊ី នៅក្នុងផ្សាររាត្រីកុងតឺន័រ
បានសម្តែងការសោកស្តាយដែលផ្សារដ៏ទាន់សម័យនេះត្រូវបិទ ព្រោះកំពុងតែពេញនិយមយ៉ាងខ្លាំងពីសំណាក់យុវវ័យ
ដែលមកពិសាអាហារ ជជែកលេងកម្សាន្តជាមួយមិត្តភក្តិនាពេលរាត្រី។ ទោះយ៉ាងណា ពួកគាត់ក៏បានព្រលយពាក្យផងដែរថា ទំនងជាកន្លែងនេះ ដីត្រូវប៉ាន់ហើយ ជាម្ចាស់ដីឈប់ជួល ហើយយកទៅលក់ក្នុងតម្លៃត្រូវប៉ាន់ ក៏មិនដឹង។ ចំណែកក្រុមអ្នករត់ម៉ូតូឌុប ដែលតែងតែអង្គុយរង់ចាំដឹកភ្ញៀវចេញពីកន្លែងនេះ បាននិយាយរអូថា ពេលផ្សារនេះបិទដាក់ម៉ូយអស់ហើយ ហើយគេឈប់លក់ដូរ
ដោយយកដីទៅលក់ឲ្យអ្នកវិនិយោគធ្វើជាអគារខ្ពស់ៗទំនើបទាន់សម័យ ពីព្រោះដីកន្លែងនេះថ្លៃដូចមាស ពេជ្រអីចឹង
នរណាមករកស៊ីយកលុយបន្តិចបន្តួចបែបនេះ ៕