ប្រទេសឆែក ប្តេជ្ញាចិត្តបន្តការគាំទ្រ វិស័យសុខាភិបាលកម្ពុជា
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានអនុញ្ញាតឱ្យ លោកVaclav Balek អគ្គនាយកទទួលបន្ទុកកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍ នៃក្រសួងការបរទេស សាធារណរដ្ឋឆែក នៅរសៀលថ្ងៃអង្គារ៍ ទី១១ ខែធ្នូ ឆ្នាំ២០១៨ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងសុខាភិបាល។
លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល នៃប្រទេសទាំងពីរ ជាពិសេសចំពោះ ការសាងសង់មណ្ឌលសុខភាពចំនួន៣ និងកិច្ចសហប្រតិបត្តិការបច្ចេកទេសនៅខេត្តតាកែវ។
លោកអគ្គនាយក ក៏បានជម្រាបជូនថា ប្រទេសឆែកប្តេជ្ញាចិត្តបន្តការគាំទ្រវិស័យសុខាភិបាលកម្ពុជា ជាបន្តទៀត ទាំងក្នុងទម្រង់ជាហិរញ្ញប្បទានសហប្រតិបត្តិការ ទាំងទម្រង់ភាពជាដៃគូរវាងរដ្ឋនិងឯកជន និងទាំងទម្រង់ជាកច្ចីដែលមានការប្រាក់ទាប។ លោកអគ្គនាយក ក៏បានថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានប្តេជ្ញាចិត្តគាំទ្រកិច្ចសហប្រតបត្តិការរវាងប្រទេសទាំងពីរ។
លោករដ្ឋមន្រ្តី បានស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះសាធារណរដ្ឋឆែក ដែលបានប្តេជ្ញាចិត្តបន្តគាំទ្រដល់វិស័យសុខាភិបាល ជាពិសេសលើការផ្លាស់ប្តូរបទពិសោធន៍ រវាងអ្នកឯកទេសវេជ្ជសាស្រ្ត នៃប្រទេសទាំងពីរ៕