ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក អ៊ិត សំហេង៖ ADB បានចូលរួមយ៉ាងសំខាន់ លើការគាំទ្រ វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈកម្ពុជា

140


ភ្នំពេញ៖ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាលើការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជារវាង លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោកស្រី Sunniya Durrani Jamal នាយកធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំ កម្ពុជាថ្មី(ADB) នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួង ភាគីទាំងពីរ បានសំដែងនូវមោទនភាព ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អ ដែលបានបង្កើតឱ្យមាន សមិទ្ធិផលជាច្រើន ជាពិសេសការជួយគាំទ្ររបស់គម្រោង ADB លើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

លោកស្រី Sunniya Durrani Jamal បានសំដែងនូវ ការពេញចិត្តយ៉ាងខ្លាំងចំពោះភាពរីកចម្រើនរបស់កម្ពុជា ជាពិសេសការខិតខំក្នុងការ អភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការពង្រឹងការអនុវត្តគោលនយោបាយអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងការពង្រឹងយន្តការនានាដើម្បីបង្កើនប្រសិទ្ធភាព ការងាររបស់គណៈកម្មាធិការជាតិបណ្តុះបណ្តាល (NTB) ដែលស្របទៅនឹងចក្ខុវិស័យនៃផែនការយុទ្ធសាស្រ្តឆ្នាំ២០៣០ របស់ADB ដោយផ្តោតទៅលើការអភិវឌ្ឍធនធានមនុស្សឆ្លើយតប ទៅនិងការវិវត្តន៍រីកចំរើននៃឧស្សាហកម្ម។

លោករដ្ឋមន្រ្តីបានស្នើឱ្យ ADB ជួយអភិវឌ្ឍន៍ធនធានមនុស្ស លើផ្នែកឌីជីថល និងការត្រៀមខ្លួនក្នុងការដើរទាន់នូវ បដិវត្តឧស្សាហកម្ម ៤.០ នៅកម្ពុជា។ ជាការឆ្លើយតប ADB និងបន្តផ្តល់គម្រោងថ្មីមួយ ក្នុងរយៈពេល៥ឆ្នាំ គឺចាប់ពីឆ្នាំ២០១៩ដល់ ២០២៤ ដោយផ្តោតលើយុវជន ដែលបានបញ្ចប់ការសិក្សា ចាប់ពីថ្នាក់មធ្យមសិក្សាទុតិយភូមិឡើងទៅ ដើម្បីឱ្យពួកគេមានសមត្ថភាព និងជំនាញគ្រប់គ្រាន់សម្រាប់ត្រៀមខ្លួនចូល ទៅក្នុងបច្ចេកវិទ្យាឌីជីថល និងបដិវត្តឧស្សាហកម្ម ៤.០ ។

យោងតាមការបញ្ជាក់ពី លោក ឡៅ ហ៊ីម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋាន អប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ បន្ទាប់ពីសិក្សាយ៉ាងល្អិតល្អន់លើតម្រូវការទីផ្សារកម្លាំងពលកម្ម ដែលមានជំនាញច្បាស់ លាស់នៅក្នុងប្រទេសកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងទៅអនាគតនោះ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB គ្រោងនឹងផ្តល់ការបណ្តុះបណ្តាលជំនាញ បច្ចេកទេស សំខាន់ៗ ចំនួន៤មុខ ដល់យុវជនកម្ពុជា ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការចាំបាច់ នៃបដិវត្តន៍ឧស្សាហកម្ម សកលភាវូនីយកម្ម ដែលកំពុងតែវាយលុកយ៉ាងគំហក់ មកលើ បណ្តាប្រទេស ដែលកំពុងអភិវឌ្ឍន៍ នៅក្នុងតំបន់ ជាពិសេសប្រទេសកម្ពុជាតែម្តង។

លោកបញ្ជាក់ថា សម្រាប់គម្រោងប្រកួតប្រជែងជំនាញថ្មីនេះ ផ្តោតទៅលើ វិស័យអគ្គិសនី, អេឡិចត្រូវនិក, សំណង់ និងកម្មមន្តសាល ។ ហើយសាលាដែលត្រូវអនុវត្ត គឺតម្រូវទៅលើសាលាអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រួមទាំងសាលាមួយចំនួនទៀត ដែលនៅក្រោមចំណុះរបស់ក្រសួងការងារ ដែលមានសក្ដានុពល ហើយកិច្ចការនេះស្ថិតក្រោមការត្រួតពិនិត្យមើលរវាងក្រសួងការងារ និងADBផ្ទាល់។

ទាក់ទិននិងហេដ្ឋារចនាសម្ព័ន្ធសម្រាប់អនុវត្តគម្រោងនេះ លោក អគ្គនាយក បានអះអាងថា នៅមានបញ្ហាខ្វះខាតនៅឡើយ ដូចជាអគារ គ្រឿងម៉ាស៊ីន និងសម្ភារៈមួយចំនួនទៀត ពិសេសសមត្ថភាពគ្រូបង្រៀន ដែលទាមទាឱ្យមានការបណ្តុះបណ្តាលបន្ថែម ដោយសារមានការវិវត្តយ៉ាងលឿនលើវិស័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ៕

អត្ថបទដែលជាប់ទាក់ទង