អាជ្ញាធរចិន សងសឹងកាណាដាវិញ ដោយចាប់ខ្លួនអតីតមន្ត្រីទូតកាណាដាម្នាក់
ប៉េកាំង៖ ក្រោយពេលដែលប្រទេសកាណាដា ចាប់ខ្លួននាយកហិរញ្ញវត្ថុក្រុមហ៊ុន Huawei តាមសំណើរបស់សហរដ្ឋអាមេរិកនោះ ឥឡូវនេះរដ្ឋាភិបាលចិនបានសងសឹងទៅប្រទេសកាណាដាវិញ ដោយចិនចាប់ខ្លួនអតីតមន្ត្រីទូតកាណាដាម្នាក់នៅទីក្រុងប៉េកាំង នៅថ្ងៃអង្គារសប្ដាហ៍នេះ ។
លោក ម៉ៃឃើល ខ័រវីក (Michael Korvig) ជាអតីតមន្ត្រីទូតកាណាដាម្នាក់ ក្នុងទីក្រុងប៉េកាំង ត្រូវបានអាជ្ញាធរចិនឃុំខ្លួនក្នុងថ្ងៃតែមួយ ដែលតុលាការកាណាដាអនុញ្ញាតឱ្យនាយកហិរញ្ញវត្ថុក្រុមហ៊ុន Huawei លោកស្រី ម៉េង វ៉ានចូវ (Meng Wanzhou) ស្ថិតក្រៅឃុំបណ្ដោះអាសន្នជាមួយប្រាក់តម្កល់ប្រាក់ ៧,៤លានដុល្លារអាមេរិក។ ចំណែកឯ អាជ្ញាធរកាណាដាបានអះអាងថា ខ្លួនបានដឹងដែរពីការចាប់ខ្លួនលោក Korvig និងស្នើឱ្យចិនបញ្ឈប់ការចាប់ ឬឃុំខ្លួនដោយរំលោភលើសិទ្ធិមនុស្សរបៀបនេះ។
គួរបញ្ជាក់ថា បច្ចុប្បន្នទំនាក់ទំនងការទូតរវាងចិន និងកាណាដាកំពុងជួបភាពតានតឹង ក្រោយអាជ្ញាធរកាណាដាចាប់ឃុំលោកស្រី Meng Wanzhou តាមសំណើរបស់សហរដ្ឋអាមេរិក ដែលចោទលោកស្រីថា បានប្រើប្រាស់ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ Huawei ឈ្មោះ Skycom រកស៊ីជាមួយអ៊ីរ៉ង់ដោយរំលោភលើទណ្ឌកម្មអាមេរិកនៅ ចន្លោះឆ្នាំ២០០៩ និង២០១៤ ប៉ុន្តែចិនបានចេញមុខទាត់ចោលទាំងស្រុង ចំពោះការចោទប្រកាន់នេះ។
លោកស្រី Meng Wanzhou មានអាយុ ៤៦ឆ្នាំ និងជាកូនស្រីម្នាក់របស់ស្ថាបនិកក្រុមហ៊ុន Huawei ត្រូវបានអាជ្ញាធរកាណាដាចាប់ខ្លួនកាលពីថ្ងៃទី០១ ខែធ្នូកន្លងទៅ ហើយនៅពេលនេះ លោកស្រីត្រូវបានចៅក្រមនៃតុលាការក្នុងទីក្រុង វែនខូវើ (Vancouver) អនុញ្ញាតឱ្យលោកស្រី Meng ស្ថិតនៅក្រៅឃុំជាមួយប្រាក់តម្កល់ ៧.៤លានដុល្លារ។ ប៉ុន្តែលោកស្រីមិនអាចចាកចេញពីប្រទេសកាណាដាឡើយ ដោយត្រូវដាក់ឱ្យស្ថិតនៅក្រោមការឃ្លាំមើល ២៤ម៉ោងក្នុងមួយថ្ងៃព្រមទាំងត្រូវពាក់ ឧបករណ៍តាមដានផងដែរ៕