ស្នើដល់កម្មករអនាម័យ បរិស្ថានខិតខំបំពេញការងាររបស់ខ្លួន កាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត ដើម្បីលើកកម្ពស់ សោភ័ណភាពរាជធានីភ្នំពេញ
ភ្នំពេញ៖ លោកអភិបាលរាជធានី បានស្នើដល់បងប្អូនកម្មករកម្មការិនីអនាម័យ បរិស្ថាន និងសាធារណការ ឲ្យខិតខំបំពេញការងាររបស់ខ្លួន កាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត ដើម្បីលើកកម្ពស់ សោភ័ណភាពរាជធានីភ្នំពេញ ឲ្យកាន់តែស្រស់បំព្រង និងគួរជាទីរស់នៅប្រកបដោយសុខដុមរមា។
ពិធីប្រគល់អំណោយ ដល់កម្មករ កម្មការិនី ក្រុមហ៊ុន ស៊ីនទ្រី និងបុគ្គលិក មន្ទីរសាធារណការនេះ ធ្វើឡើង ក្រោមវត្តមាន លោកស្រី ឃួន សុដារី អនុប្រធាន កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាប្រធាន កាកបាទក្រហមកម្ពុជា និងលោក ឃួង ស្រេង ប្រធានកិត្តិយស កាកបាទក្រហមរាជធានី និងជាអភិបាល រាជធានីភ្នំពេញ ព្រមទាំង ប្រធានកាកបាទក្រហម រាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា និងថ្នាក់ដឹកនាំ ក្រុមហ៊ុនស៊ីនទ្រី និងកម្មករ-កម្មការិនី ជាង២ពាន់នាក់ ។
ក្នុងឱកាសនោះដែរ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា បញ្ហាអនាម័យ បរិស្ថាន ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងអកអំបុក បរិមាណសំរាមដែលប្រមូលបានមានចំនួនរហូតដល់ ៨.៣២១តោន កើនឡើងចំនួន២.០២៥តោន ស្នើនឹង៣២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ ក្នុងនោះ ដើម្បីគ្រប់គ្រងសំរាមទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំចាត់តែងកម្លាំងបុគ្គលិក កម្មករ គ្រប់ផ្នែក សរុបចំនួន២.២៦៥នាក់ សរុបចំនួន២.២៦៥នាក់ ដើម្បីធ្វើការប្រមូល វេចខ្ចប់ ដឹកជញ្ជូនសំរាម លាងសម្អាត់ផ្លូវកម្រាលថ្មម៉ាត និងថែទាំងសួនច្បារក្រោយពេលបញ្ចប់កម្មវិធីរៀងរាល់ថ្ងៃ ហើយការងារនេះ អាជ្ញាធរមូលដ្ឋាន និងបងប្អូនកម្មករ កម្មការិនី បានលះបង់ពេលវេលាសំរាកយប់ ដើម្បីបំពេញការងារបានទាន់ពេលវេលា ធ្វើឲ្យបញ្ហាអនាម័យ បរិស្ថានមានភាពល្អប្រសើរជាងបណ្តាឆ្នាំកន្លងមក និងទទួលបានការគាំទ្រលើកទឹកចិត្ត ពីសំណាក់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ លោកអភិបាលរាជធានីភ្នំពេញ ដើម្បីជាការលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរបស់បងប្អូនបុគ្គលិក កម្មករអនាម័យ បរិស្ថាន និងសាធារណការ កាកបាទក្រហមកម្ពុជាថ្នាក់កណ្តាល បានផ្តល់អំណោយមនុស្សធម៌ ដើម្បីចែកជូនបងប្អូនកម្មករ កម្មការិនី ដែលអញ្ជើញមកពីមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ចំនួន៤៥៩នាក់ និងក្រុមហ៊ុនស៊ីនទ្រីចំនួន១.៨០៦នាក់ សរុបចំនួន២.២៦៥នាក់។ តាមរយៈអំណោយដ៏ថ្លៃថ្លានេះ អាចជួយសម្រាលការលំបាកក្នុងជីវភាព រស់នៅរបស់បងប្អូនកម្មករ កម្មការិនី បានមួយកម្រិត និងជាការលើកទឹកចិត្តដ៏ធំធេងដល់បងប្អូនកម្មករកម្មការិនីអនាម័យបរិស្ថាន និងសាធារណការ ឲ្យខិតខំបំពេញការងាររបស់ខ្លួន កាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត ដើម្បីលើកកម្ពស់ សោភ័ណភាពរាជធានីភ្នំពេញ ឲ្យកាន់តែស្រស់បំព្រង និងគួរជាទីរស់នៅប្រកបដោយសុខដុមរមា។
សូមជម្រាបថា ប្រជាពលរដ្ឋកម្ពុជា បានចាត់ទុកសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមាតាមនុស្សធម៌ និងជាថ្នាក់ដឹកនាំដ៏គំរូ ដែលបានដឹកនាំកាកបាទក្រហមកម្ពុជា ដោយមានការយកចិត្តទុកដាក់ មានក្តីមេត្តា ករុណា គិតគូរ និងផ្តល់ក្តីសង្ឃឹម ជំនឿចិត្ត ដល់ប្រជាជនទូទៅ ដែលជួបការលំបាក ដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ គឺជួយសង្គ្រោះ គ្រប់ពេលវេលា គ្រប់ទីកន្លែង យ៉ាងទាន់ពេលវេលា ទាំងស្បៀងឧបភោគបរិភោគ លំនៅឋាន អណ្ដូងទឹក គ្រោះធម្មជាតិ បញ្ហាស្រូវស្រែចំការ និងបញ្ហាផ្សេងៗទៀត ដែលជាសេចក្ដីត្រូវការចំាបាច់ សម្រាប់ប្រជាពលរាស្ដ្រ ។
ជាមួយគ្នានេះ លោកស្រី ឃួន សុដារី អនុប្រធាន កាកបាតក្រហមកម្ពុជា បានលើកឡើងថា “ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមនាំ នូវបណ្តាំសាកសួសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនជំពោះបងប្អូនកម្មករ កម្មការិនីយើងទាំងអស់ ដែលបំពេញមុខតួនាទី អនាម័យ បរិស្ថាន សម្រាប់រាជធានីភ្នំពេញ ដែលថ្នាក់ដឹកនាំ នៅខ្វល់ខ្វាយ នឹករលឹក ដល់ប្អូនកម្មករ កម្មការិនី ក៏ដូចជាឱកាសបានជួបមុខ ថ្នាក់ដឹកនាំ របស់រាជធានីភ្នំពេញដែរ” ។ លោកស្រី បានបន្ថែមថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តាំផ្ញើ នូវសេចក្តីនឹករលឹក ការអាណិតស្រឡាញ់ ជាមួយនឹងមនោសច្ចេតនា ស្រឡាញ់រាប់អានបងប្អូន កម្មករកម្មការិនី ក៏ដូចជាថ្នាក់ដឹកនាំ រាជធានីភ្នំពេញ៕