ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នើឲ្យបង្កើតចលនាជាតិ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺអេដស៍

60


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យរួមគ្នា ធ្វើចលនាជាតិ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺអេដស៍ ដើម្បីឈានទៅដល់កម្រិតសូន្យ នៅឆ្នាំមុខ ដូចជំងឺគ្រុនចាញ់និងជំងឺគ្រុនស្វិតដៃជើង។

សម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវដល់យុវជនបែបនេះក្នុង អញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅក្នុងខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១២ខែធ្នូនេះ។ សម្តេចតេជោ ហ៊ុន សែន អ្នកស្រឡាញ់ភេទដូចគ្នា មានអត្រារីករាលដាល នៃការឆ្លងជំងឺអេដស៍ខ្ពស់ជាងគេ។ សម្តេចតេជោ ក៏បានអំពាវនាវដល់ពួកគេឲ្យ ចេះការពារខ្លួន កុំឲ្យឆ្លងជំងឺអេដស៍ផងដែរ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ថា ប្រទេសរបស់យើងមានការហក់ឡើង បន្តិចវិញនៃជំងឺអេដស៍។ ខ្ញុំសុំអំពាវនាវ បង្កើតជាចរន្តជាតិមួយ នៃការការពារខ្លួន កុំឲ្យឆ្លងមេរោគអេដស៍ ព្រោះអ្នកដែលវេទនា មិនមែនអ្នកដទៃ ក្រៅពីអ្នកកើតជំងឺអេដស៍ទេ។ អញ្ចឹងសុំអំពាវនាវ ត្រូវធ្វើឲ្យបានច្បាស់ អំពីបញ្ហានេះ ត្រូវធានាថាអនាគតរបស់ប្រទេសយើង គឺឈានដល់អត្រាសូន្យ នៃជំងឺអេដស៍ ដូចជាអត្រាសូន្យ​នៃជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥ ឬក៏អត្រាសូន្រនៃជំងឺគ្រុនស្វិតដៃជើង នាឆ្នាំ១៩៩៧ និងអត្រាសូន្យ នៃជំងឺខ្វាក់មាន់។ បើវាមិនឈានដល់អត្រាសូន្យ ឥឡូវយើងនៅអត្រា ០,៦ភាគរយ បើមិនចុះដល់សូន្យ យើងធ្វើឲ្យចុះ ០,៥ ០,៤ ០,៣ 0,២ ០,១ ០,០ តែម្តង។ ធម្មជាតិ ពូមិនហ៊ានហាមទេ ប៉ុន្តែគេមានវិធីការពារ ជាពិសេសស្រោមអនាម័យដែលជាប្រដាប់ការពារយ៉ាងមានប្រសិទ្ធភាព។

សម្តេចតេជោ ហ៊ុន​ សែន បន្តថា សូមធ្វើយ៉ាងម៉េច ឲ្យក្លាយជាចលនាជាតិ ជាពិសេសយុវជនរបស់យើង យើងគ្មានសិទ្ធិហាមឃាត់ ទៅការស្រឡាញ់ភេទដូចគ្នាទេ។ ខ្ញុំសុំកុំឲ្យមានការរើសអើងជាមួយនឹងអ្នកដែលស្រឡាញ់ភេទដូចគ្នា ក៏ប៉ុន្តែបើយោងតាមការគណនា អ្នកស្រឡាញ់ភេទដូចគ្នានេះ គឺជាអ្នកដែលរីករាលដាល ជំងឺអេដស៍លឿន មិនថាអ្នកស្រឡាញ់ភេទដូចគ្នា​ អ្នកមិនស្រឡាញ់ភេទដូចគ្នាទេ ត្រូវខិតខំពង្រឹងទប់ស្កាត់ ការរីករាលដាល ហើយអ្នកដែលមានជំងឺអេដស៍កុំទៅចម្លងដាក់គេ ។ បានជាជ្រុលកើតហើយ ដាក់ថែមនាងឯងមួយទៀត ឬក៏នាងឯងកើតជំងឺអេដស៍ហើយ ក៏មកដាក់ថែមលោកឯងមួយទៀត ក៏មិនអីដែរ ។ សម្តេចតេជោ បញ្ជាក់ថា ការធ្វើបែបនេះ គឺក្លាយទៅជាអគុណធម៌ទៅវិញនោះទេ “។

លោកវេជ្ជបណ្ឌិត លី ពេញស៊ុន ប្រធានមជ្ឈមណ្ឌលអេដស៍ បានឲ្យដឹងថា កាលពីឆ្នាំ២០១៤ ចំនួនអ្នកកើតជំងឺអេដស៍ ដែលស្រឡាញ់ភេទដូចគ្នា បានកើនឡើង ២,៣ភាគរយ។ ឆ្នាំ២០១៨នេះ អ្នកស្រឡាញ់ភេទដូចគ្នា ពិតជាកើនឡើងម្តងទៀត គួរឲ្យកត់សម្គាល់ តែមិនទាន់កំណត់ចំនួនបាននោះទេ។

សូមបញ្ជាក់ថា បច្ចុប្បន្នមានមនុស្សប្រមាណជា ៦៧.០០០នាក់ នៅប្រទេសកម្ពុជា កំពុងរស់នៅ ជាមួយមេរោគអេដស៍ ហើយទទួលបានការព្យាបាលយ៉ាងទៀងទាត់នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពនានា៕

អត្ថបទដែលជាប់ទាក់ទង