លោក ស៊ុន ចាន់ថុល ជិះកង់ពិនិត្យគុណភាពផ្លូវជាតិលេខ ៤៨ បន្ទាប់ពីការងារជួសជុល ត្រូវបានបញ្ចប់ នៅមុនពិធីបុណ្យសមុទ្រ
កោះកុង៖
ថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូជិះកង់ពិនិត្យ គុណភាពនៃការជួសជុលថែទាំផ្លូវជាតិលេខ៤៨ បន្ទាប់ពីការងារជួសជុលថែទាំផ្លូវនេះត្រូវបានបញ្ចប់ទាំង ស្រុង។
ផ្លូវនេះមានប្រវែងសរុបចំនួន១៥០គីឡូម៉ែត្រចាប់ពីផ្លូវបំបែកស្រែអំបិលទៅដល់ទីរួមខេត្តកោះកុងដែលក្នុង នោះកំណាត់ផ្លូវប្រវែង៦៣គីឡូម៉ែត្រ ត្រូវទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងកត្តាធម្មជាតិផ្សេងៗ។
លោក ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ផ្លូវនេះត្រូវបានជួសជុលចប់សព្វគ្រប់១០០%ហើយតាមការសន្យា ដែលអាចឱ្យប្រជាពលរដ្ឋធ្វើចរាចរណ៍ និងដឹកទំនិញទៅកាន់ទីផ្សារកាន់តែឆាប់រហ័ស ជាពិសេសភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិអាចធ្វើដំណើរទៅទស្សនាពិធីបុណ្យសមុទ្រ ដែលគ្រោងនឹងប្រារព្ធឡើងនៅលើទឹកដី ខេត្តកោះកុង ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ក្រោមប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋរមណីយ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក ទេសរដ្ឋមន្ត្រីបានបន្ថែមថា៖ ផ្លូវនេះនឹងត្រូវស្តារ និងលើកកម្រិតគុណភាពពីDBSTទៅជាផ្លូវបេតុងកៅស៊ូ(AC)ពី១០ម៉ែត្រទៅ១១ម៉ែត្រ ក្រោមឥណទានប្រាក់កម្ចីរបស់សាធារណរដ្ឋកូរ៉េ(EDCF) ដែលគ្រោងនឹងបើកការដ្ឋាននៅឆ្នាំ២០២០នេះ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ទេសរដ្ឋមន្ត្រីបានជម្រាបជូនអំពីគម្រោងដាក់ឱ្យដំណើរការជាផ្លូវការ នូវកម្មវិធីថែទាំផ្លូវ (ROAD CARE mobile app) នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨។ កម្មវិធីលើស្មាតហ្វូននេះ អនុញ្ញាតឱ្យប្រជាពលរដ្ឋថតរូបភាពជង្ហុកសំបុកមាន់ផ្ញើមកកាន់ក្រុមការងារក្រសួង ដើម្បីចុះទៅជួសជុល បានទាន់ពេលវេលា បង្ការកុំឱ្យខូចរាលដាលកាន់តែធំ។
ជាមួយគ្នានេះផងដែរ លោក ទេសរដ្ឋមន្ត្រីបានអំពាវនាវឱ្យប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន សូមកុំផ្ទុកទំនិញលើសទម្ងន់កម្រិតកំណត់ដែលបណ្តាលឱ្យឆាប់ខូចផ្លូវ និងខាតបង់ថវិកាជាតិ ដែលរាជរដ្ឋាភិបាលខិតខំរកបានដោយលំបាកយកមកកសាងផ្លូវ និងបានក្រើនរំលឹកដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ និងជួយថែរក្សាផ្លូវរបស់យើងឱ្យប្រើប្រាស់ជាប់បានយូរ៕